ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ​ បរាជ័យក្នុងការអនុម័តសេចក្តីសម្រេច​ ដែលអំពាវនាវឱ្យបញ្ឈប់សកម្មភាពយោធាជាបន្ទាន់នៅមជ្ឈិមបូព៌ា

អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​ បានបរាជ័យក្នុងការអនុម័តសេចក្តីព្រាងសេចក្តីសម្រេច​ ដែលជំរុញឱ្យគ្រប់ភាគីទាំងអស់បញ្ឈប់សកម្មភាពយោធារបស់ពួកគេជាបន្ទាន់ និងចៀសវាងការកើនឡើងបន្ថែមទៀតនៅមជ្ឈិមបូព៌ា និងលើសពីនេះ ព្រមទាំងថ្កោលទោសការវាយប្រហារទាំងអស់ប្រឆាំងនឹងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលផងដែរ។

ក្រុមប្រឹក្សាបានបដិសេធសេចក្តីព្រាងសេចក្តីសម្រេច​ ដែលឧបត្ថម្ភដោយប្រទេសរុស្ស៊ី ដោយមានសំឡេងគាំទ្រចំនួន៤ ប្រឆាំង២​ និងអនុប្បវាទចំនួន​ ៩​ ក្នុងនោះ រុស្ស៊ី ចិន ប៉ាគីស្ថាន និងសូម៉ាលី​ បានបោះឆ្នោតគាំទ្រសេចក្តីព្រាងសេចក្តីសម្រេច ខណៈដែលសហរដ្ឋអាមេរិក និងឡាតវីបានបោះឆ្នោតប្រឆាំង។

លោក Vassily Nebenzia តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានឧ្យដឹងថា “យើងមានការខកចិត្តយ៉ាងខ្លាំង” ដោយកត់សម្គាល់ថាសមាជិកក្រុមប្រឹក្សាជាច្រើនមិនអាចប្រមូលផ្តុំកម្លាំង និងប្រាជ្ញាគ្រប់គ្រាន់​ ដើម្បីអនុម័តអត្ថបទដែលប្រទេសរបស់គាត់បានស្នើឡើងនោះទេ។

មុននេះ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចមួយទាក់ទងនឹងវិបត្តិបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដែលត្រូវបានបង្កឡើងដោយការវាយប្រហារយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ និងការសងសឹកជាបន្តបន្ទាប់របស់អ៊ីរ៉ង់នៅទូទាំងតំបន់៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top