ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសនៅអឺរ៉ុប​ នឹងបញ្ចេញប្រេងបម្រុង ខណៈជម្លោះនៅមជ្ឈិមបូព៌ាធ្វើឲ្យទីផ្សារថាមពលរង្គោះរង្គើ

ប្រ៊ុចសែល៖ ក្រុមប្រទេសនៅអឺរ៉ុប​ បានប្រកាសពីផែនការបញ្ចេញប្រេងបម្រុងបន្ទាន់ បន្ទាប់ពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានណែនាំឲ្យកាត់បន្ថយប្រេងបម្រុងយ៉ាងច្រើន ដើម្បីជួយបន្ធូរបន្ថយតម្លៃថាមពលដែលកំពុងកើនឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

លោក Fatih Birol នាយកប្រតិបត្តិ IEA បានឧ្យដឹងថា ប្រទេសសមាជិកចំនួន ៣២ របស់ទីភ្នាក់ងារនេះបានឯកភាពគ្នាក្នុងការផ្តល់ប្រេងចំនួន ៤០០ លានបារ៉ែលដល់ទីផ្សារពីប្រេងបម្រុងបន្ទាន់របស់ពួកគេ។ ចលនានេះមានគោលបំណងដោះស្រាយការរំខាននៅក្នុងទីផ្សារប្រេងសកល​ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនសកលដ៏សំខាន់​ សម្រាប់ការផ្គត់ផ្គង់ថាមពល និងស្បៀងអាហារ។

នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត។ អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា។

យោងតាម ​​IEA ជម្លោះនេះបានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយការនាំចេញប្រេងឆៅ និងផលិតផលចម្រាញ់បច្ចុប្បន្នមានកម្រិតតិចជាង ១០ភាគរយនៃកម្រិតមុនជម្លោះ។

ប្រេងឆៅ Brent ដែលជាស្តង់ដារប្រេងអន្តរជាតិ បានកើនឡើងដល់ប្រហែល ១១៩ដុល្លារអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មុនពេលធ្លាក់ចុះមកត្រឹម ៨៧.៥៧ ដុល្លារនៅថ្ងៃពុធ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top