សារដំបូងបំផុតរបស់មេដឹកនាំកំពូលថ្មីដ៏សម្ងាត់របស់អ៊ីរ៉ង់ គឺប្តេជ្ញាបន្តប្រយុទ្ធ ជាមួយការសន្យាថា នឹងបង្កការឈឺចាប់បន្ថែមទៀតដល់រដ្ឋអារ៉ាប់ឈូងសមុទ្រ
បរទេស៖ មេដឹកនាំកំពូលថ្មីដ៏សម្ងាត់របស់អ៊ីរ៉ង់បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ដោយប្តេជ្ញាបន្តប្រយុទ្ធជាមួយការសន្យាថា នឹងបង្កការឈឺចាប់បន្ថែមទៀតដល់រដ្ឋអារ៉ាប់ឈូងសមុទ្រ និងគំរាមកំហែងបើក “រណសិរ្សផ្សេងទៀត” នៅក្នុងសង្គ្រាមដែលបានរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក សេដ្ឋកិច្ចពិភពលោក និងការធ្វើដំណើរអន្តរជាតិរួចទៅហើយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ថា ជំហរដ៏ម៉ឺងម៉ាត់ដែលបានបង្ហាញដោយមេដឹកនាំកំពូលថ្មីអ៊ីរ៉ង់ Ayatollah Mojtaba Khamenei បានកើតឡើងនៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយថាការវាយប្រហាររបស់ប្រទេសលោកកំពុងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោក Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយថ្លែងទៅកាន់ប្រជាជនអ៊ីរ៉ង់ថា “វាស្ថិតនៅក្នុងដៃរបស់អ្នក”។ “យើងកំពុងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការដួលរលំនៃរបបនេះ”។
ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់គោលដៅចំណុចត្រួតពិនិត្យសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីបំផ្លាញសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបការប្រឆាំង , នេះបើយោងតាមទិន្នន័យទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ ដែលជាក្រុមត្រួតពិនិត្យឯករាជ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលគេស្គាល់ថា ACLED៕
ប្រែសម្រួលៈ ណៃ តុលា
