ព័ត៌មានជាតិ

សមាគមកាហ្វេកម្ពុជា បើកវេទិកាស្ដីពី «មាសខ្មៅនៅកម្ពុជា» សក្តានុពលវិនិយោគ និងបច្ចេកទេសដាំដុះកាហ្វេប្រកប ដោយចីរភាព

ប៉ៃលិន ៖ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ សមាគមកាហ្វេកម្ពុជា សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន និងក្រុមហ៊ុនអង្គរហ្រ្គីន បានបើកវេទិកាស្តីពី “មាសខ្មៅនៅកម្ពុជា” សក្ដានុពលវិនិយោគ និងបច្ចេកទេសដាំដុះកាហ្វេប្រកបដោយចីរភាព ស្ថិតក្រោមអធិបតីភាពលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ដុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា ,លោក ហួ ធីដាន នាយកប្រតិបត្តិអង្គរហ្រ្គីន និង វិនិយោគិន សមាជិក-សមាជិកា បងប្អូនប្រជាកសិករ ជាច្រើនរូប នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន។

លោក ដុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា៖ ការធ្វើវេទិកានេះ គឺជាចំណែកមួយយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ និងជាកម្លាំងចលករ ក្នុងការរួបរួមគ្នា លើកកម្ពស់ខ្សែចង្វាក់ផលិតកម្ម តម្លៃកាហ្វេនៅកម្ពុជា ហើយបច្ចប្បន្នតម្រូវការកាហ្វេ កំពុងកើនឡើងទាំងក្នុងស្រុក និងលើពិភពលោក ហើយកាហ្វេជាដំណាំមានសក្តានុពលខ្លាំង និងមានអនាគតយូរអង្វែង ដែលកម្ពុជាគួរចាប់ឱកាស ជំរុញការវិនិយោគ និងពង្រីកការដាំដុះ ឱ្យបានឆាប់រហ័ស។

លោកប្រធានសមាគម មានប្រសាសន៍បន្តថា៖ ដោយខេត្តប៉ៃលិន មានលក្ខខណ្ឌធម្មជាតិសមស្រប អាកាសធាតុល្អ កម្ពស់សមស្រប និងដីមានគុណភាព ហើយក៍ធ្លាប់ជាខេត្ត ដែលដាំកាហ្វេនេះយូរមក តាំងពីជំនន់សង្គមរាស្ត្រនិយមមកម្លេះ ទើបសមាគម សម្រេចបើកវេទិកានេះ។ លោក បានមានប្រសាសន៍បញ្ជាក់ថា៖ ការបំប្លែងដីមួយផ្នែក ពីដំណាំទិន្នផលទាប ទៅដាំកាហ្វេ អាចជួយកសិករបង្កើនចំណូល និងលើកកម្ពស់ជីវភាព។ បន្ថែមលើនេះទៀត ក៏បានជំរុញឱ្យខេត្តប៉ៃលិន ឬប្រទេសកម្ពុជាពង្រឹងការដាំដុះ និងការកែច្នៃ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមុន និងបង្កើតគុណភាព-ស្តង់ដារ ឈានទៅការនាំចេញនាពេលអនាគតផងដែរ ។

ចំណែកលោក ហួ ធីដាន នាយកប្រតិបត្តិអង្គរហ្រ្គីន ក៍បានលើកឡើង ពីអត្ថប្រយោជន៍ និងយន្តការគាំទ្រសម្រាប់កសិករ , ការវិភាគគុណភាពដី ការជ្រើសរើសពូជ ដែលធន់នឹងអាកាសធាតុ ការរៀបចំប្រព័ន្ធស្រោចស្រព និងការវិភាគលើតម្រូវការទីផ្សារបច្ចុប្បន្ន , ណែនាំអំពីការប្រើប្រាស់ធាតុចូលកសិកម្ម (ពូជ ជី និងថ្នាំ) តាមរូបមន្តបច្ចេកទេសត្រឹមត្រូវ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនទិន្នផល និងការវិភាគរួមគ្នាជាមួយកសិករ អំពីការគណនាថ្លៃដើមដើម្បីឱ្យកសិករអាចគ្រប់គ្រងដើមទុនបានច្បាស់លាស់ និងផ្តល់ការសម្រេចចិត្តដល់កសិករជ្រើសរើស តើគួរដាំដំណាំប្រភេទណាដើម្បីទទួលបានទិន្នផលខ្ពស់ និងទទួលបានផលចំណេញច្រើនផងដែរ។

ជាមួយគ្នានេះផងដែរ អ្នកស្រី គី វ៉ាទី ប្រធានទំនាក់ទំនង សេវាហិរញ្ញវត្ថុ ធនាគារអេស៊ីលីដាភីអិលស៊ី សាខាខេត្តប៉ៃលិនបានរ៉ាយរាប់ពីគោលបំណងក្នុងសិក្ខាសាលានេះថា ទី១ គឺចូលរួមផ្តល់ចំណេះដឹងលើការចាត់ចែងហិរញ្ញវត្ថុ របស់កសិករ ឲ្យមានប្រសិទ្ធភាពខ្ពស់,ទី២ ចូលរួមគាំទ្រដល់កសិករដែលលោកខ្វះខាតទុន សម្រាប់ពង្រីកការដាំដុះ ជាពិសេសមានគម្រោងវិនិយោគលើការដាំដុះកាហ្វេនៅក្នុងខេត្តប៉ៃលិន តាមរយះការផ្តល់ជូននូវសេវាឥណទាន ។

មានប្រសាសន៍ក្នុងឪកាសនេះដែរលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានលើកឡើងថា៖ មូលហេតុដែលខេត្តប៉ៃលិន ត្រូវបានជ្រើសរើសជាទីតាំងយុទ្ធសាស្ត្រ សម្រាប់ “មាសខ្មៅនៅកម្ពុជា” នេះ គឺដោយសារលក្ខណៈពិសេស នៃភូមិសាស្ត្រ និងគុណភាពដី ។

ខេត្តប៉ៃលិន សម្បូរទៅដោយដីក្រហម ដែលមានជីជាតិខ្ពស់ សម្បូរទៅដោយសារធាតុរ៉ែធម្មជាតិ ដែលអំណោយផលបំផុត សម្រាប់ដំណាំកាហ្វេ ប្រភេទអារ៉ាប៊ីកា និងពូជរ៉ូបូស្តា ។ ចំណែកកម្ពស់ និងអាកាសធាតុវិញ ជាតំបន់ខ្ពង់រាប សីតុណ្ហភាពសមស្រប ដែលធ្វើ ឱ្យដើមកាហ្វេលូតលាស់បានល្អ និងមានរសជាតិឈ្ងុយឆ្ងាញ់ប្លែក។

ជាមួយគ្នានេះ វេទិកាស្ដីពី «មាសខ្មៅនៅកម្ពុជា» គឺជាសញ្ញាវិជ្ជមានថ្មីមួយ សម្រាប់វិស័យកសិកម្ម ក្នុងខេត្តប៉ៃលិន។ តាមរយៈកិច្ចសហការរវាងរដ្ឋ វិស័យឯកជន (ក្រុមហ៊ុនអង្គរហ្រ្គីន) និងសមាគមជំនាញ វានឹងក្លាយជាទំព័រប្រវត្តិសាស្ត្រថ្មី ដែលប្រែក្លាយខេត្តប៉ៃលិន ឱ្យទៅជា “ដែនដីមាសខ្មៅ” ដ៏សំខាន់របស់ប្រទេសកម្ពុជាផងដែរ៕

To Top