ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥

ខេត្តសៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចូលរួមក្នុងទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ នៅព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០២៦នេះ ដែលស្ថិតនៅក្នុងបរិវេណវត្តរាជបូណ៍ ក្រុងសៀមរាបខេត្តសៀមរាប។

ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរំឭកអំពីគំរូវីរភាព និងស្នាព្រះហស្ថ គុណតម្លៃមិនអាចកាត់ថ្លៃបាន របស់សម្តេចព្រះមហាសង្ឃរាជ និងអ្នកប្រាជ្ញក្រុមជំនុំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យខ្មែរ ដែលបានតស៊ូប្តូរផ្តាច់យកអស់កម្លាំងកាយចិត្ត និងសតិបញ្ញាញាណ ក្នុងបេសកកម្មរៀបចំគម្ពីរព្រះត្រៃបិដកខ្មែរចំនួន ១១០ភាគ តាំងពីឆ្នាំ១៩៣០ រហូតដល់ឆ្នាំ១៩៦៨ ដោយបានចំណាយពេលវេលាប្រមាណ ៤០ឆ្នាំ ទើបសម្រេចបានសព្វគ្រប់ ដែលគម្ពីរដ៏ពិសិដ្ឋ និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាននេះ មានលក្ខណៈពិសេស ជាងបណ្តាប្រទេសពុទ្ធសាសនិក នៅលើពិភពលោកទាំងអស់។

ចំពោះលក្ខណៈពិសេសត្រង់ថា ដោយប្រទេសទាំងនោះ មានត្រឹមតែភាសាជាតិរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រទេសកម្ពុជា លោកអ្នកប្រាជ្ញខ្មែរ បានរៀបចំឱ្យមានទាំងភាសាដើម គឺមគធៈភាសា ឬ ភាសាបាលី និងភាសាខ្មែរ ហើយលើសពីនេះទៅទៀតនោះ លក្ខណៈពិសេសរបស់គម្ពីរព្រះត្រៃបិដកខ្មែរ គឺមានភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង គឺមានទាំងគ្រប់សន្លឹក និងគ្រប់ទាំង ១១០ភាគ ។

មួយវិញទៀត ការររៀបចំពិធីរំព្ញកព្រះឧបការគុណនេះ គឺជាការបំពេញនូវកិច្ចកតញ្ញូ ចំពោះលោកអ្នកប្រាជ្ញបុព្វការីជនរបស់យើង ដែលធម៌កតញ្ញូនេះ ជាកំពូល នៃធម៌មួយក្នុងចំណោមបី ហៅថា ត្រៃកូដធម៌ គឺខន្តិ សច្ចៈ កតញ្ញូ ខណៈពូជសាសន៍ខ្មែរ គឺជាពូជសាសន៍ថ្លៃថ្នូរខ្ពង់ខ្ពស់ មានអារ្យធម៌រុងរឿង ជាពិសេសសម័យមហានគរ នៃអាណាចក្រខ្មែរ។

សូមរំលឹកផងដែរថា ទិវាបុណ្យរំឭកឧបការគុណ សម្ដេចព្រះមហាសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី១៥ គឺមានរៀបចំកម្មវិធីដូចជា គឺនៅព្រឹកថ្ងៃទី១៣ ខែមីនា មានរៀបចំក្បួនធម្មយាត្រាដង្ហែព្រះត្រៃរ័ត្ន ក្នុងក្រុងសៀមរាប, ពេលរសៀលជួបជុំព្រះភិក្ខុសង្ឃ ពុទ្ធបរិស័ទ សមាជិក សមាជិកា អង្គពិធីប្រគំតន្ត្រីកំដរពិធី ដោយសិស្សសាលាបឋមសិក្សាវត្តរាជបូណ៌, មានកម្មវិធីចម្រើនព្រះបរិត្ត, ការអានព្រះរាជជីវប្រវត្តិសង្ខេប សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត, កម្មវិធីសម្ដែងព្រះធម៌ទេសនា, ពេលល្ងាចមានកម្មវិធីសមាធិ ហើយនៅពេលរាត្រីមានសិល្បៈចាប៉ីដងវែង។

សម្រាប់កម្មវិធីឈានដល់ព្រឹកថ្ងៃទី១៤ ខែមីនា គឺមានពិធីរាប់បាត្រព្រះសង្ឃចំនួន ៣៥០អង្គ ដែលមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្នាក់ដឹកនាំខេត្តសៀមរាប រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីឧទ្ទិសបុណ្យព្រះរាជកុសលថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ៕

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល/រូបភាពពីរដ្ឋបាលខេត្តសៀមរាប

To Top