ក្រសួងការងារ បន្តនាំយកឱកាសការងារជិត ៣ពាន់កន្លែង ផ្សព្វផ្សាយដល់អតីតពលករ និងប្រជាពលរដ្ឋ ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង
បាត់ដំបង៖ វេទិកាការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការចុះផ្សព្វផ្សាយឱកាសឱកាសការងារដល់ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ នេះ វេទិកាការងារត្រូវបានរៀបចំនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ៣២ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីនាំយកឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់អតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០ នាក់ ព្រមទាំងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស។

ក្នុងឱកាសនោះ លោក ឡៅ ហ៊ីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា វេទិកាការងារនេះគឺជាពាំនាំនូវឱកាសជួបគ្នារវាងក្រុមហ៊ុន និងអតីតពលករ ដោយក្នុងនោះមានតំណាងរោងចក្រ និងសមាគម និងទីភ្នាក់ងារបញ្ចូនពលករសរុបចំនួន ០៧ បានចុះជ្រើសរើសបុគ្គលិកដោយផ្ទាល់សរុបចំនួន ២ ៧៥០ កន្លែង ក្នុងចំណោមឱកាសការងារទូទាំងប្រទេសសរុបជាង ០៨ ម៉ឺន កន្លែង។ ក្រៅពីឱកាសការងារក្នុងស្រុក យុវជន និងប្រជាពលរដ្ឋក៏មានជម្រើសចុះឈ្មោះជាមួយក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន។

លោករដ្ឋលេខាធិការ បានលើកឡើងពីគុណសម្បត្តិនៃការធ្វើការក្នុងស្រុក តាមរយៈការទទួលបានប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ នៅជួបជុំក្រុមគ្រួសារ ជាពិសេសអត្ថប្រយោជន៍ទទួលបានពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)។

មុននឹងបញ្ចប់ លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តចិត្តដល់យុវជន និងអតីតពលករវិលត្រឡប់មកពីប្រទេសថៃ ចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញអោយកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕






