អ្នកវិភាគ៖ ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារ ដោយបង្ខំរបស់អាមេរិក គឺជាល្បែងនយោបាយផ្ទៃក្នុងដែលសូម្បីតែសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប និងប្រទេសអាស៊ានខ្លះក៏រងការអង្កេតដែរ
ភ្នំពេញ៖ អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់អាមេរិកទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំប៉ុណ្ណោះ។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ មិនអាចទទួលបានជោគជ័យនោះទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។
លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការដាក់ពន្ធបដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យសហរដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បីដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដាលប្រទេសមួយចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងគោលបំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជាប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។
លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែងរកប្រជាប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជាមានការស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏មិនមានអ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។

បន្ថែមលើការលើកឡើងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយបានថ្លែងថា៖«គម្រោងស៊ើបអង្កេតជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែនមានតែកម្ពុជានោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន សឹង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី ក៏រងនូវការអង្កេតដូចគ្នាដែរ»។
សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់ការអង្កេតរបស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោបាយមើលឃើញដូចៗគ្នាថា កម្ពុជាតែងតែអនុវត្តទៅតាមច្បាប់អន្តរជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាការងារផ្សេងៗដែលមិនមានការរំលោភបំពានច្បាប់ការងារ និងការរំលោភទៅលើការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំទេ។ ដូច្នេះកម្ពុជាមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ ប៉ុន្ដែត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។

យ៉ាងណាក៏ដោយ លោក សំ សឿន បានអំពាវនាវឱ្យសាធារណជន និងប្រជាពលរដ្ឋកុំឱ្យជឿលើការលើកឡើងណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលមានចេតនាបន្ទច់បង្អាក់ និងដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បីស្ដារប្រជាប្រិយភាព ដែលសូម្បីសម្ព័ន្ធមិត្តរបស់ខ្លួនក៏រងការអង្កេតដែរ៕
