ព័ត៌មានអន្តរជាតិ

‎ប្រទេសជប៉ុន គ្មានផែនការបញ្ជូននាវាកងទ័ពជើងទឹកទៅអមដំណើរនាវានៅមជ្ឈិមបូព៌ានោះទេ

‎បរទេស: នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយនៅថ្ងៃចន្ទ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យការពារនាវាដឹកប្រេងដែលឆ្លងកាត់ច្រកសមុទ្រ Hormuzថា ប្រទេសជប៉ុនមិនមានគម្រោងបញ្ជូននាវាកងទ័ពជើងទឹកទៅអមដំណើរនាវានៅមជ្ឈិមបូព៌ានោះទេ។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនាថា លោកស្រី Takaichi បានប្រាប់សភាថា “យើងមិនទាន់បានធ្វើការសម្រេចចិត្តអ្វីទាំងអស់អំពីការបញ្ជូននាវាអមដំណើរនៅច្រកសមុទ្រ Hormuz នោះទេ។ យើងកំពុងបន្តពិនិត្យមើលអ្វីដែលជប៉ុនអាចធ្វើបានដោយឯករាជ្យ និងអ្វីដែលអាចធ្វើបានក្នុងក្របខ័ណ្ឌច្បាប់”។

‎ការអំពាវនាវរបស់លោក Trump នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សម្ព័ន្ធមិត្តអាមេរិក រួមទាំងប្រទេសជប៉ុន ដើម្បីជួយការពារការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនេះ បានធ្វើឱ្យទីក្រុងតូក្យូស្ថិតក្នុងស្ថានភាពលំបាក ពីព្រោះខណៈពេលដែលជប៉ុនគឺពឹងផ្អែកយ៉ាងខ្លាំងទៅលើថាមពលមជ្ឈិមបូព៌ា រដ្ឋធម្មនុញ្ញដែលបដិសេធសង្គ្រាមរបស់ខ្លួនកំណត់វិសាលភាពនៃប្រតិបត្តិការយោធានៅក្រៅប្រទេសដែលវាអាចធ្វើបាន។

‎កងកម្លាំងការពារខ្លួនតាមសមុទ្ររបស់ជប៉ុនបានធ្វើប្រតិបត្តិការប្រឆាំងនឹងចោរសមុទ្រនៅក្នុងដែនទឹកក្បែរមជ្ឈិមបូព៌ា ប៉ុន្តែបេសកកម្មទាំងនោះគឺជាប្រតិបត្តិការត្រួតពិនិត្យជាជាងបេសកកម្មប្រយុទ្ធប្រឆាំងនឹងតួអង្គរដ្ឋ។ ប្រទេសជប៉ុនអាចដាក់ពង្រាយយោធារបស់ខ្លួននៅក្រៅប្រទេស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនកំណត់ថាជាការគំរាមកំហែងដល់ប្រទេសជាតិ ប៉ុន្តែជប៉ុននឹងមានការលំបាកខាងនយោបាយ និងជាកម្រិតផ្លូវច្បាប់ខ្ពស់សម្រាប់រដ្ឋាភិបាលរបស់លោក Takaichi ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ៕

ប្រែសម្រួល: ណៃ តុលា

To Top