រដ្ឋមន្រ្តីកសិកម្ម ស្វាគមន៍រាល់វិនិយោគិន មានបំណងវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ មានបំណងក្នុងការវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងរបស់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងវេទិកាតភ្ជាប់កសិ-ចំណីអាហារអូស្ត្រាលី-កម្ពុជា «Australia-Cambodia Agrifood Connection Forum» នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ថ្លែងទៅកាន់អង្គពិធី លោករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្រ្តាលី នូវទំនាក់ទំនងល្អ និងយូរអង្វែង ប្រកបដោយភាពរឹងមាំ ហើយកម្មវិធីនាពេលនេះគឺជាការពង្រឹងនូវភាពជាដៃគូបន្ថែមទៀត ជាពិសេសការវិនិយោគក្នុងវិស័យកសិ-ពាណិជ្ជកម្ម។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម ជូនដល់វិនិយោគិនអូស្រ្តាលី ក្នុងការចូលរួមសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានប្រព័ន្ធការងារជាក់លាក់ មានខ្សែច្រវាក់ផលិតកម្ម មានធនធានមនុស្សសម្រាប់ផលិតកម្មទំហំធំ និងមានស្តង់ដារបច្ចេកទេសត្រឹមត្រូវ។
លោករដ្ឋមន្រ្តី ស្វាគមន៍ដល់រាល់វិនិយោគិនទាំងអស់ ដែលមានបំណងក្នុងការវិនិយោគលើតភ្ជាប់ខ្សែច្រវាក់តម្លៃទាំងមូល ពោលគឺចាប់ពីការផលិត កែច្នៃវេចខ្ចប់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈកម្ពុជាមានកសិផលសក្តានុពលជាច្រើនប្រភេទ ដែលមានគុណភាពល្អប្រណិត និងមានតម្លៃបន្ថែមខ្ពស់។
លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា និងបណ្តាពាណិជ្ជករអូស្រ្តាលី ដែលបានរៀបចំកម្មវិធីនេះឡើងដើម្បីផ្គូផ្គងដៃគូកម្ពុជា-អូស្រ្តាលី សំដៅទទួលបានផលចំណេញទាំងអស់គ្នា៕


