ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ ការដាក់ញត្តិប្រឆាំងនឹងភាគីថៃ ជាភស្តុតាងបញ្ជាក់ថា កម្ពុជា មិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានថ្លែងថា ការដាក់ញត្តិតវ៉ាប្រឆាំងនឹងភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា «កម្ពុជា មិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ»។

ក្នុងកិច្ចប្រជុំកិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបញ្ជាក់ឡើងវិញអំពីស្ថានភាពជម្លោះតាមព្រំដែន កម្ពុជា-ថៃ និងសកម្មភាពមួយចំនួនរបស់ភាគីថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ លោកបានលើកឡើងអំពីការបន្តកាន់កាប់ដែនដីកម្ពុជា ការដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ការលួចបំផ្លាញ និងលួចទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបំផ្លិចបំផ្លាញវប្បធម៌ និងរូបបដិមា ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ថ្មីៗ ក្នុងចេតនាបង្កើត តថភាពថ្មីនៅនឹងកន្លែង (fait accompli) បានរារាំងជនភៀសសឹករាប់ម៉ឺននាក់ មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។

ទន្ទឹមនេះ លោកទេសរដ្ឋមន្ត្រី ក៏បានបង្ហាញពីតួនាទីសកម្មរបស់ គ.ស.ម.ក. ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារសិទ្ធិ និងសេរីភាពរបស់ប្រជាជនស៊ីវិល និងការពារបូរណភាពដែនដីកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស ការដាក់បណ្ដឹងទៅកាន់យន្តការសិទ្ធិមនុស្សទាំងក្នុងតំបន់ និងអន្តរជាតិ សរុបចំនួន ៦០ ឯកសារ ព្រមទាំងការចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ពចំនួន ១០ លើក។

លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរឥតងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាព។ លោកថា «ការដាក់ញត្តិតវ៉ាជាបន្តបន្ទាប់ប្រឆាំងនឹងការចូលទន្រ្ទាន និងការកាន់កាប់ដែនដីដោយខុសច្បាប់ ពីសំណាក់ភាគីថៃ គឺជាវិធានការស្របតាមច្បាប់អន្តរជាតិ និងជាភស្តុតាងបញ្ជាក់ថា កម្ពុជាមិនបានយល់ព្រម ឬទទួលស្គាល់ការបំពានទាំងនោះឡើយ។ ទោះយ៉ាងណា យន្តការផ្លូវច្បាប់អន្តរជាតិទាំងអស់ ត្រូវការពេលវេលាដើម្បីអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់»៕

To Top