មន្ត្រីអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យទំនាក់ទំនងដោយផ្ទាល់ឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍មួយពីប្រព័ន្ធផ្សព្វផ្សាយអនឡាញអាមេរិក Axios ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ បានឧ្យដឹងថា បណ្តាញទំនាក់ទំនងផ្ទាល់រវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់ ត្រូវបានធ្វើឱ្យសកម្មឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
របាយការណ៍នេះបានឧ្យដឹងថា ការទំនាក់ទំនងរវាងបេសកជនអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi គឺជាការទំនាក់ទំនងផ្ទាល់ដំបូងគេ ដែលគេស្គាល់រវាងប្រទេសទាំងពីរចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
មន្ត្រីអាមេរិកបានប្រាប់ Axios ថា វាគឺជាលោក Araghchi ដែលកំពុងព្យាយាមចូលរួម ប៉ុន្តែបានឧ្យដឹងថា សហរដ្ឋអាមេរិក “មិនមែនកំពុងនិយាយ” ជាមួយអ៊ីរ៉ង់នោះទេ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Drop Site News បានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Witkoff បានផ្ញើសារទៅកាន់លោក Araghchi ហើយបានដកស្រង់សម្តីមន្ត្រីអ៊ីរ៉ង់ដែលបានអះអាងថា លោក Araghchi មិនអើពើនឹងសាររបស់ប្រេសិតសហរដ្ឋអាមេរិករូបនេះ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែសេតវិមានមិនប្រាកដថាអ្នកណាជាអ្នកធ្វើការសម្រេចចិត្តនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
