ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំងក្លា ក្នុងការបង្ក្រាប និងសម្អាត Online Scam

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតកាណាដា ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងសម្អាត Online Scam នេះឱ្យអស់ ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់កម្ពុជាឡើយ។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា ដើម្បីស្វែងរកឱកាសក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។

នាឱកាសនោះ លោក ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា Online Scam។

ពាក់ព័ន្ធនឹងបញ្ហា Online Scam លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងសម្អាត Online Scam នេះឱ្យអស់  ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់កម្ពុជាឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ថ្មីៗនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី ហើយសេចក្តីព្រាងនេះបាន បញ្ជូនដល់រដ្ឋសភារួចហើយ»។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកឯកអគ្គរដ្ឋទូត Christian DesRoches ក៏បានធ្វើការពិភាក្សាផងដែរ អំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពមន្ត្រី និងការងារកែទម្រង់ច្បាប់ ព្រោះកន្លងមកកាណាដាធ្លាប់មានកិច្ចសហប្រតិបត្តិការនេះជាមួយទីស្តីការគណៈរដ្ឋមន្ត្រីនៅអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ និងម្យ៉ាងទៀត កម្ពុជា និងកាណាដា ក៏មានប្រព័ន្ធច្បាប់ចម្រុះ រវាងប្រព័ន្ធច្បាប់ស៊ីវិល និងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ដូចគ្នាផងដែរ។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឈរលើចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ភាពជាដៃគូ ប្រកបដោយចីរភាព និងប្រយោជន៍រួម ហើយកិច្ចប្រជុំកំពូល Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក៏រំពឹងថានឹងជួយបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត៕

To Top