ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល កំពុងបង្ហាញភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកប៉ែន បូណា បានថ្លែងថា សមរភូមិការទូតដ៏សកម្មរបស់រាជរដ្ឋាភិបាលទាំងក្នុងនិងក្រៅប្រទេសកំពុងត្រូវបានឡើង ដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ។
ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពកម្ពុជា-ថៃនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែតម្កល់សន្តិភាពជាស្នូលនៃការអភិវឌ្ឍន៍ប្រទេស។

លោកថា រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញពីភាពសកម្មលើសមរភូមិការទូតទាំងក្នុងនិងក្រៅប្រទេស ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ដោយផ្សារភ្ជាប់ជាមួយ «កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន» ដែលត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។

អ្នកនាំពាក្យគូសបញ្ជាក់ថា “ការណ៍នេះបានឆ្លុះបញ្ចាំងពីភាពសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជានៅលើសមរភូមិការទូត ដើម្បីឧត្តមប្រយោជន៍ជាតិ ដោយផ្សារភ្ជាប់ជាមួយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលគឺការការពារបូរណភាពទឹកដីនិងប្រជាជន” ។

ជាមួយគ្នានេះដែរ លោកប៉ែន បូណា សង្កត់ធ្ងន់ថា ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារពីអង្គទូត និងដៃគូអភិវឌ្ឍន៍ មានដូចជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ និងអនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិកជាដើម ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា៕

To Top