ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់វាយប្រហារទីក្រុង Tel Aviv ដោយមីស៊ីល Khorramshahr 4 និង មីស៊ីល Qadr ផ្ទុកក្បាលគ្រាប់បែកចង្កោម ដើម្បីសងសឹកចំពោះការសម្លាប់ប្រធានសន្តិសុខរបស់ខ្លួន

បរទេស៖ អ៊ីរ៉ង់បានកំណត់គោលដៅទីក្រុង Tel Aviv ដោយមីស៊ីលដែលផ្ទុកក្បាលគ្រាប់ចង្កោម ដែលជាអ្វីដែលអ៊ីរ៉ង់និយាយថា ជាការសងសឹកចំពោះការធ្វើឃាតលើប្រធានសន្តិសុខអ៊ីរ៉ង់ Ali Larijani, នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់នៅថ្ងៃពុធ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ការវាយប្រហារកាលពីយប់មិញនៅថ្ងៃអង្គារបានសម្លាប់មនុស្សពីរនាក់នៅក្នុងសង្កាត់មួយក្បែរទីក្រុង Tel Aviv ដែលមានប្រជាជនរស់នៅច្រើន ជាកន្លែងដែលក៏មានមូលដ្ឋានយោធាសំខាន់ៗផងដែរ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលពីសង្គ្រាមកើនឡើងដល់យ៉ាងហោចណាស់ ១៤ នាក់។ សេចក្តីថ្លែងការណ៍មួយរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ដែលបានអាននៅលើទូរទស្សន៍រដ្ឋបាននិយាយថា អាវុធដែលប្រើរួមមានមីស៊ីល Khorramshahr 4 និង មីស៊ីល Qadr ដែលទាំងពីរមានផ្ទុកក្បាលគ្រាប់ច្រើន។

អ៊ីស្រាអែលបាននិយាយថា អ៊ីរ៉ង់បានប្រើប្រាស់ក្បាលគ្រាប់បែកចង្កោមម្តងហើយម្តងទៀត ដែលបំបែកទៅជាគ្រឿងផ្ទុះតូចៗជាច្រើននៅលើអាកាស និងរាលដាលលើតំបន់ធំទូលាយ ដែលធ្វើឱ្យពួកវាពិបាកស្ទាក់ចាប់។

អ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ហៅកាត់ថា IAEA ថា នៅក្នុងប្រទេសអ៊ីរ៉ង់ គ្រាប់ផ្លោងមួយបានវាយប្រហារតំបន់មួយនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅល្ងាចថ្ងៃអង្គារ ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាត ឬរបួសនោះទេ។ ប្រធាន IAEA លោក Rafael Grossi បានបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកសម្រាប់ការអត់ធ្មត់ជាអតិបរមាក្នុងអំឡុងពេលជម្លោះដើម្បីជៀសវាងហានិភ័យនៃគ្រោះថ្នាក់នុយក្លេអ៊ែរ។

អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា ការរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ គឺជាគោលដៅមួយនៃការវាយប្រហារដែលពួកគេបានចាប់ផ្តើមកាលពីជាងពីរសប្តាហ៍មុន ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត៕

ប្រែសម្រួលៈ ណៃ តុលា

To Top