លោក ដូណាល់ ត្រាំ បញ្ជាក់ថា សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់នៅឡេីយទេ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន មិនទាន់ត្រៀមខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់ ដែលឥឡូវនេះកំពុងចូលដល់សប្តាហ៍ទីបីរបស់ខ្លួននៅឡេីយទេ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា «យើងមិនទាន់ត្រៀមខ្លួនចាកចេញនៅឡើយទេ ប៉ុន្តែយើងនឹងចាកចេញនៅពេលអនាគតដ៏ខ្លីខាងមុខនេះ»។
នៅពេលសួរថាតើសេតវិមានមានផែនការ “day-after” សម្រាប់ជម្លោះជាមួយអ៊ីរ៉ង់ដែរឬទេ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ដោយនិយាយឡើងវិញនូវការអះអាងរបស់លោកថា អ៊ីរ៉ង់ ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរពីគ្រប់ទិដ្ឋភាព ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។
លោកបានបន្ដថា វានឹងចំណាយពេលមួយទសវត្សរ៍ ដើម្បីកសាងអ៊ីរ៉ង់ឡើងវិញ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើលោកបញ្ជូនកងទ័ពជើងគោកអាមេរិកចូលទៅក្នុងអ៊ីរ៉ង់ លោកមិនខ្លាចថាវាអាចប្រែក្លាយទៅជាវៀតណាមមួយផ្សេងទៀត សម្រាប់សហរដ្ឋអាមេរិកនោះទេ។
អ្នកវិភាគក្នុងស្រុកបានឧ្យដឹងថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានគម្រោងដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងសំខាន់របស់អ៊ីរ៉ង់ និងកំណត់គោលដៅលើកន្លែងក្រោមដីមួយក្នុងទីក្រុង Isfahan ដែលគេជឿថារក្សាទុកសម្ភារៈនុយក្លេអ៊ែរភាគច្រើនរបស់ខ្លួន ប្រតិបត្តិការលើដីរបស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ទំនងជាត្រូវបានទាមទារ៕
ប្រែសម្រួល ឈូក បូរ៉ា
