ព័ត៌មានជាតិ

ពិធីបើកការប្រកួតបាល់ទាត់សប្បុរសធម៌នៅព្រះវិហារ ទាក់ទាញអ្នកចូលរួមយ៉ាងច្រើន

ខេត្តព្រះវិហារ ៖ពិធីបើកកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌មួយ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅខេត្តព្រះវិហារ ដោយមានការចូលរួមពីមន្ត្រីរាជការ ក្រុមតារាបាល់ទាត់កម្ពុជា និងមហាជនយ៉ាងច្រើនកុះករ ក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព និងកៀរគរធនធានគាំទ្រដល់កងកម្លាំងការពារជាតិ។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅនៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការប្រកួតរវាងក្រុមកីឡាករបាល់ទាត់មន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ និងក្រុមកីឡាករបាល់ទាត់តារាកម្ពុជា។

កម្មវិធីនេះត្រូវបានរៀបចំក្រោមប្រធានបទ «បេះដូងប្រជាជនខេត្តព្រះវិហារ ដើម្បីវីរកងទ័ព និងសន្តិភាព» ដែលផ្តោតសំខាន់លើការរួមចំណែករបស់សង្គមស៊ីវិល និងវិស័យសិល្បៈ ក្នុងការគាំទ្រដល់កងកម្លាំងឈរជើងនៅតាមបណ្តោយព្រំដែន។

ថ្លែងក្នុងពិធីបើក ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវអំណរគុណចំពោះក្រុមតារាកម្ពុជា ដែលបានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាបន្តបន្ទាប់ ដើម្បីកៀរគរថវិកា និងធនធានសម្ភារៈផ្សេងៗ សម្រាប់គាំទ្រដល់កងកម្លាំងសមរភូមិមុខ ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតំបន់ព្រំដែននៃខេត្តព្រះវិហារ។

លោកបានបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជន និងសិល្បៈក្នុងសកម្មភាពសប្បុរសធម៌បែបនេះ គឺជាកត្តាសំខាន់ក្នុងការបង្កើនកម្លាំងសាមគ្គី និងការគាំទ្រជាតិ ជាពិសេសក្នុងបរិបទនៃការពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។

ជាមួយគ្នានេះផងដែរ ឯកឧត្តម គីម រិទ្ធី ក៏បានកោតសរសើរយ៉ាងខ្ពស់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវនារី និងប្រជាពលរដ្ឋទូទៅ ដែលបានចូលរួមគាំទ្រព្រឹត្តិការណ៍នេះយ៉ាងសកម្ម។ លោកបានលើកឡើងថា ការចូលរួមយ៉ាងទូលំទូលាយនេះ បានបង្ហាញពីស្មារតីសាមគ្គីភាព និងភាពរួបរួមជាតិរបស់ប្រជាជនខ្មែរ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងការពារជាតិ។

អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ថវិកា និងធនធានដែលប្រមូលបានពីព្រឹត្តិការណ៍នេះ នឹងត្រូវបញ្ជូនទៅគាំទ្រដល់កងកម្លាំងនៅតំបន់ព្រំដែន ដើម្បីលើកទឹកចិត្ត និងបន្តពង្រឹងសមត្ថភាពក្នុងការអនុវត្តភារកិច្ចការពារបូរណភាពទឹកដី។

ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាគំរូនៃការសហការរវាងអាជ្ញាធរ សិល្បករ និងសហគមន៍ ក្នុងការប្រើប្រាស់កីឡា ជាមធ្យោបាយក្នុងការរួមចំណែកសម្រាប់សង្គម និងជាតិ៕

ដោយ ៖ សួន ពិសិត/ដើមអម្ពិល

To Top