តម្លៃប្រេងធ្លាក់ចុះ ខណៈអាជ្ញាធរអ៊ីរ៉ាក់ និងពួកឃឺដ យល់ព្រមលើកិច្ចព្រមព្រៀងនាំចេញ
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃពុធនេះ ដោយកាត់បន្ថយការកើនឡើងខ្លាំងកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ និងអាជ្ញាធរឃឺដ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្តការនាំចេញប្រេងតាមរយៈកំពង់ផែ Ceyhan របស់ប្រទេសតួកគី ដែលផ្តល់នូវការធូរស្រាលបន្តិចបន្តួចចំពោះការព្រួយបារម្ភអំពីការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថា ទោះជាយ៉ាងណាក៏ដោយ ដោយគ្មានសញ្ញានៃការថយចុះនៃជម្លោះអ៊ីរ៉ង់ ដែលបានធ្វើឱ្យការនាំចេញប្រេងពីមជ្ឈិមបូព៌ាត្រូវបានផ្អាកជាចម្បង តម្លៃប្រេង Brent បានឡើងដល់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល សម្រាប់វគ្គជួញដូរបួនលើកជាប់ៗគ្នា។
បន្ទាប់ពីកើនឡើងជាង ៣% នៅថ្ងៃអង្គារ តម្លៃប្រេង Brent បានធ្លាក់ចុះ ៦៧ សេន ឬ ០,៦៥% មកនៅត្រឹម ១០២,៧៥ ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃពុធ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១,១៨ ដុល្លារ ឬ ១,២៣% មកនៅត្រឹម ៩៥,០៣ ដុល្លារ។
លោក Hayan Abdel-Ghani រដ្ឋមន្ត្រីប្រេងរបស់អ៊ីរ៉ាក់ បាននិយាយថា លំហូរប្រេងពីកំពង់ផែ Ceyhan របស់ប្រទេសតួកគី ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅម៉ោង 07:00 នៅថ្ងៃពុធ, នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ មន្ត្រីផ្នែកប្រេងពីររូបបាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសអ៊ីរ៉ាក់កំពុងស្វែងរកការបូមប្រេងឆៅឱ្យបានយ៉ាងហោចណាស់ ១០០,០០០ បារ៉ែលក្នុងមួយថ្ងៃតាមរយៈកំពង់ផែនេះ៕
ប្រែសម្រួលៈ ណៃ តុលា
