ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញជួបពិភាក្សាការងារ ដើម្បីពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរនៅប្រទេសនូវែលហ្សេឡង់

អូក្លិន-នូវែលហ្សេឡង់ ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ខ្លឹមសារសំខាន់ៗនៃកិច្ចពិភាក្សា រួមមាន ៖

ទី១- វឌ្ឍនភាពនៃផលិតផលខ្មែរ៖ ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និង ស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។

ទី២- យុទ្ធសាស្ត្រពង្រីកការនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀត ពីកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយនៅក្នុងប្រទេសណូវែលហ្សេឡង់។

និងទី៣- ការវាយតម្លៃខ្ពស់និងកោតសរសេីចំពោះអ្នកវិនិយោគិនខ្មែរកាត់ចិន៖ ឯកឧត្តមបណ្ឌិត អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានថ្លែងអំណរគុណនិងកោតសរសេីដល់លោក Erik Ly ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិតាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារប្រកបដោយវិជ្ជាជីវៈ៕

To Top