ព័ត៌មានជាតិ

អភិបាលខេត្តព្រះវិហារ ជំរុញការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីឲ្យមានរបៀបរៀបរយ និងទាក់ទាញទេសចរ

ខេត្តព្រះវិហារ៖ គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក្តិ ព.ស.២៥៧០ គ.ស.២០២៦ កិច្ចប្រជុំនេះត្រូវបានបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

ក្នុងកិច្ចប្រជុំខាងលើនេះ អាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធបានពិភាក្សាលើផែនការរៀបចំកម្មវិធីសំខាន់ៗ ដើម្បីធានាឲ្យពិធីបុណ្យប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងមានភាពរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងក្នុង និងក្រៅខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យគ្រប់មន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បង្កើនការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ ការពារសុខាភិបាល និងបរិស្ថាន ព្រមទាំងត្រៀមកម្មវិធីវប្បធម៌ប្រពៃណីផ្សេងៗ ដើម្បីលើកស្ទួយអត្តសញ្ញាណជាតិ និងទាក់ទាញភ្ញៀវទេសចរ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាឱកាសសំខាន់មួយក្នុងការរឹងមាំសាមគ្គីភាពសង្គម និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មក្នុងខេត្តផងដែរ។

កិច្ចប្រជុំបានបញ្ចប់ដោយមានការកំណត់ភារកិច្ចជាក់លាក់ដល់មន្ទីរ និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារតាមផែនការដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ ដោយ (លោក សួន ពិសិតដើមអម្ពិលព្រះវិហារ)

To Top