ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ មានពលរដ្ឋភៀសសឹក ២៨៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានពលរដ្ឋភៀសសឹក ២៨៨នាក់បន្ថែមទៀត បន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈនៅមានពលរដ្ឋភៀសសឹកចំនួន ៣៦.៤០៨នាក់ទៀត ពុំទាន់អាចវិលទៅលំនៅឋានវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតពីម៉ោង៦ព្រឹក ថ្ងៃទី១៨ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។

ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ទន្ទឹមគ្នានឹងការបន្តយកចិត្តទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋនិងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែលនៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា «មានពលរដ្ឋភៀសសឹក២៨៨នាក់បន្ថែមទៀត បានបន្តវិលត្រឡប់ទៅ លំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ ឬ ជាង៩៤% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន៣៦.៤០៨នាក់ទៀត (ស្រ្តី១៨.៨៤១នាក់ និង កុមារ១២.៣២១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ»៕

To Top