ព័ត៌មានជាតិ

លោក ប៉ែន បូណា ៖ កម្ពុជាតវ៉ាជាបន្តបន្ទាប់ចំពោះថៃរំលោភបំពានដីកម្ពុជា ជាសារព្រមានទៅថៃ

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា សកម្មភាពតវ៉ាផ្នែកការទូតរបស់ក្រសួងស្ថានពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ពីការរំលោភបំពានឥតឈប់ឈរមកលើបូរណភាពទឹកដីកម្ពុជា ពីសំណាក់យោធាថៃ គឺជាសារព្រមានភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកប៉ែន បូណា មានប្រសាសន៍ថា ការតវ៉ាជាផ្លូវការជាបន្តបន្ទាប់ ចំពោះការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា មានសារសំខាន់ក្នុងដំណើរការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី តាមច្បាប់អន្តរជាតិ ដែលនេះពិតជាមានតម្លៃសម្រាប់ព្រមានទៅភាគីថៃឱ្យដឹងចំណុចណាជារបស់កម្ពុជា។

អ្នកនាំពាក្យបញ្ជាក់ថា “ការតវ៉ាជាផ្លូវការនេះ មានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១៖ វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយ”។

បន្ថែមពីលើនេះទៀត លោកអ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្កត់ទៀតថា ក៏ជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្ត សម្រាប់ដោះស្រាយបញ្ហាទឹកដីតាមច្បាប់អន្តរជាតិ និងការតវ៉ានេះ ក៏ជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សី នៃការរំលោភបំពាន និងការប្រឆាំងជំទាស់របស់ភាគីកម្ពុជា ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១៧ មីនា កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមទីតាំងមួយចំនួន ។ ទីតាំងភាគីថៃកំពុងចូលមកបំពានទាំងកំរោលនោះរួមមាន ៖ តំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ , តំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ , នៅភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ , តំបន់អានសេះ ខេត្តព្រះវិហារ , តំបន់តាថាវ ខេត្តព្រះវិហារ , តំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ ។ អ្វីកាន់តែហួសចិត្តគឺកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ៕

To Top