ប្រតិមា ព្រះសិវៈរាំ មានប្រភពពីតំបន់ប្រាសាទកោះកេរ្តិ៍ រស់ឡើងវិញហើយ បន្ទាប់ពីផ្គុំរូបរាងអស់ជាង៥ឆ្នាំ
ភ្នំពេញ ៖ ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។
មុនអំឡុងផ្គុំរូបរាងឡើងវិញ បដិមាព្រះសិវៈរាំនេះ ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង ១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។ អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរ ហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ។
ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។ រាល់ដំណាក់កាលជួសជុលនីមួយៗ ក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យ និងអនុម័តដោយគណៈកម្មាធិការបច្ចេកទេស ដើម្បីធានាថា ការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌មានប្រសាសន៍ថា រូបបដិមានេះ ជារូបបដិមាធំជាងគេនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកជាបដិមាដ៏ធំមួយដែរ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុលលេចចេញជារូបរាងឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជា ការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងសម័យបច្ចុប្បន្ន។
លោកស្រីសង្ឃឹមថា រូបបដិមាដ៏ធំនេះ នឹងវិលត្រឡប់ទៅកាន់ទីតាំងដើ មនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈ សម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរ និងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍ កាន់តែច្រើនឡើងជាលំដាប់ ៕





