លោក ត្រាំ ព្រមាន «បំផ្ទុះ» ទីតាំងឧស្ម័នធំ ជាងគេនៅលើពិភពលោក South Pars របស់អ៊ីរ៉ង់
បរទេស៖ សហរដ្ឋអាមេរិកនឹង «បំផ្ទុះ» ទីតាំងឧស្ម័ន South Pars ដែលជាទីតាំងឧស្ម័នធំជាងគេបំផុត របស់ពិភពលោក ប្រសិនបើអ៊ីរ៉ង់ បន្តវាយប្រហាររោងចក្រ ថាមពលរបស់កាតា, នេះបើយោងតាមការព្រមាន របស់ប្រធានាធិបតី ដូណាល់ ត្រាំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា អ៊ីស្រាអែល បានបើកការវាយប្រហារនៅថ្ងៃពុធ លើរោងចក្ររបស់អ៊ីរ៉ង់នៅក្នុងតំបន់ឧស្ម័ន South Pars ក្នុងឈូងសមុទ្រ Gulf ដែលខ្លួនចែករំលែកជាមួយប្រទេសកាតា។ South Pars មានទំហំជិត ១០.០០០ គីឡូម៉ែត្រការ៉េ និងមានឧស្ម័នប្រហែល ១.៨០០ ពាន់ពាន់លានហ្វីតគូប។ ជាការឆ្លើយតប អ៊ីរ៉ង់បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) របស់កាតា ហើយបានគំរាមកំហែង វាយប្រហារតបតវិញលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ នៅទូទាំងតំបន់ឈូងសមុទ្រ។
ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើ South Pars ត្រូវបានសម្របសម្រួលជាមួយមន្ត្រីអាមេរិក ដោយប្រភពមួយទៅកាន់កាសែត Jerusalem Post បានបង្ហាញថា សហរដ្ឋអាមេរិកទទួលយកការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នជាជាងរោងចក្រប្រេង ។
ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ បានច្រានចោលរបាយការណ៍នេះនៅក្នុងការបង្ហោះ Truth Social កាលពីថ្ងៃពុធ ដោយអះអាងថា «សហរដ្ឋអាមេរិកមិនដឹងអ្វីទាំងអស់អំពីការវាយប្រហារជាក់លាក់នេះ ហើយប្រទេសកាតាមិនមានជាប់ពាក់ព័ន្ធនឹងវាតាមរបៀប រូបរាង ឬទម្រង់ណាមួយឡើយ»៕
ប្រែសម្រួលៈ ណៃ តុលា
