ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងពិចារណាលើការពង្រឹងយោធា ខណៈដែលសង្គ្រាមអ៊ីរ៉ង់ ចូលដល់ដំណាក់កាលថ្មី

បរទេស៖ រដ្ឋបាល របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការ របស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈដែលយោធាអាមេរិកកំពុងរៀបចំ សម្រាប់ជំហានបន្ទាប់ដែលអាចធ្វើទៅ បាននៅក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់, នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ និងមនុស្សបីនាក់ដែលដឹងអំពីបញ្ហានេះ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ថា ការដាក់ពង្រាយនេះអាចជួយផ្តល់ឱ្យលោក ត្រាំ នូវជម្រើសបន្ថែម ខណៈដែលលោកកំពុងថ្លឹងថ្លែងពីការពង្រីកប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ខណៈដែលសង្គ្រាមអ៊ីរ៉ង់ បានឈានដល់សប្តាហ៍ទីបីរបស់ខ្លួន។

ប្រភពព័ត៌មានបាននិយាយថា ជម្រើសទាំងនោះរួមមានការធានាសុវត្ថិភាពសម្រាប់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាបេសកកម្មមួយដែល នឹងត្រូវសម្រេចជាចម្បងតាមរយៈកងកម្លាំងអាកាស និងកងទ័ពជើងទឹក។ ប៉ុន្តែការធានាសុវត្ថិភាពច្រកសមុទ្រ ក៏អាចមានន័យថាការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ឆ្នេរសមុទ្រអ៊ីរ៉ង់ផងដែរ នេះបើយោងតាមប្រភពព័ត៌មាន ចំនួនបួន រួមទាំងមន្ត្រីអាមេរិកពីរនាក់។

រដ្ឋបាលលោក ត្រាំ ក៏បានពិភាក្សាអំពីជម្រើសនានា ក្នុងការបញ្ជូនកងកម្លាំងជើងគោកទៅកាន់កោះ Kharg របស់អ៊ីរ៉ង់ ដែលជាមជ្ឈមណ្ឌល សម្រាប់ការនាំចេញប្រេង 90% របស់អ៊ីរ៉ង់ ។ មន្ត្រីម្នាក់បាននិយាយថា ប្រតិបត្តិការបែបនេះនឹងមានហានិភ័យខ្ពស់។ អ៊ីរ៉ង់មានសមត្ថភាពទៅដល់កោះនេះដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក៕
ប្រែសម្រួលៈ ណៃ តុលា

To Top