បង្ក្រាបទីតាំង Online Scam នៅកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ៧នាក់ និងរកឃើញគ្រឿងញៀន មួយចំនួន
កំពង់ស្ពឺ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam មួយកន្លែង ស្ថិតក្នុងភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
យោងតាមលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ ក្នុងនោះរួមមាន ជនជាតិឥណ្ឌូណេស៊ី ចំនួន ៦នាក់ (ស្រី្ត ៤នាក់) និងជាតិខ្មែរចំនួន០១នាក់ ជាអ្នកបើកបរ និងយាមទីតាំង។
ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចបានដកហូតសម្ភារៈប្រើប្រាស់ សម្រាប់សកម្មភាពល្មើសច្បាប់មួយចំនួនធំរួមមាន: ទូរសព្ទដៃ ៥៩គ្រឿង, កុំព្យូទ័រឡេបថប ៧គ្រឿង និងឧបករណ៍ថតសំឡេង ៨គ្រឿង , ឯកសណ្ឋាននគរបាលឥណ្ឌូណេស៊ី ចំនួន ៤អាវ ព្រមទាំងស័ក្តិ និងលោហ្គោមួយចំនួន, ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៥៩កញ្ចប់តូច និង១កញ្ចប់ធំ។
តាមចម្លើយសារភាព ក្រុមជនសង្ស័យបានទទួលស្គាល់ថា ពួកខ្លួនពិតជាបានដំណើរការ ទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ពិតប្រាកដមែន ដោយមានឈ្មោះ សុខ នី ជនជាតិខ្មែរជាអ្នកបើកទីតាំង និងឈ្មោះ ហៃ ជនជាតិចិន ដែលបច្ចុប្បន្នកំពុងគេចខ្លួន។
បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានអាជ្ញាធរបិទសៀល (Seal) ផ្ដាច់ចរន្តអគ្គិសនី និងប្រព័ន្ធអ៊ីនធឺណេតទាំងស្រុង។ ចំណែកជនសង្ស័យ និងម្ចាស់ទីតាំង ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅ កំណត់មុខសញ្ញាមេខ្លោង ពាក់ព័ន្ធជាបន្តទៀត។


