ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ជំរុញឱ្យ IAEA ថ្កោលទោសការវាយប្រហារដោយចេតនារបស់អ៊ីស្រាអែល​ លេីរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr

វីយែន៖ បេសកជនអ៊ីរ៉ង់ប្រចាំទីក្រុងវីយែនបានស្នើសុំឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែល​ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr (NPP) ដោយហៅការវាយប្រហារនេះថា “ជាស្ថានភាពធ្ងន់ធ្ងរ និងអាក្រក់បំផុត”។

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Reza Najafi ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀតប្រចាំទីក្រុងវីយែន បានប្រាប់ Press TV ថា ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គនាយក IAEA លោក Rafael Grossi ដោយជំរុញឱ្យលោកថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr។ ទោះជាយ៉ាងណាក៏ដោយ លិខិតនេះ និងលិខិតមុនៗពីភាគីអ៊ីរ៉ង់​ នៅតែមិនទាន់មានចម្លើយ។

លោក Najafi បានហៅការវាយប្រហាររបស់អ៊ីស្រាអែលថា “ដោយចេតនា” ដែលបានកើតឡើងចម្ងាយ​ ២០០ម៉ែត្រពីរ៉េអាក់ទ័រនុយក្លេអ៊ែរកាលពីល្ងាចថ្ងៃអង្គារ។

លោក​បាន​លេីកឡេីងថា នេះ​ជា​ការ​វាយ​ប្រហារ​លើក​ទី​បី​នៅ​ជិត​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បន្ទាប់​ពី Natanz និង Isfahan ត្រូវ​បាន​វាយ​ប្រហារ​នៅ​ដើម​ការ​វាយ​ប្រហារ​រវាង​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់។

លោក Najafi បាន​ថ្លែង​ថា «យើង​មិន​ទាន់​ឃើញ​ប្រតិកម្ម​វិជ្ជមាន​ណា​មួយ​ពី IAEA នៅឡេីយទេ គ្រាន់តែ​សុំ​ឲ្យ​មាន​ការ​អត់ធ្មត់» ដោយ​ជំរុញ​ឲ្យ IAEA ថ្កោលទោស​ការ​វាយ​ប្រហារ​ទាំង​នេះ។

នៅ​ក្នុង​ការ​បង្ហោះ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាល​ពី​ថ្ងៃ​ពុធ IAEA បាន​ឧ្យដឹងថា ខ្លួន​ត្រូវ​បាន​ជូន​ដំណឹង​អំពី​ការ​វាយ​ប្រហារ​នៅ​ក្នុង​បរិវេណ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Bushehr ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​អតិបរមា​ ដើម្បី​ការពារ​ហានិភ័យ​នៃ​គ្រោះថ្នាក់​នុយក្លេអ៊ែរ។

ទន្ទឹមនឹងនេះ រុស្ស៊ី​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល ដោយ​និយាយ​ថា ការ​វាយ​ប្រហារ​នេះ​មាន​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​អង្គភាព​ថាមពល​ប្រតិបត្តិការ ដែល​បាន​បង្កើត​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​របស់​បុគ្គលិក​រុស្ស៊ី​នៅ​កន្លែង​នោះ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top