អ៊ីរ៉ង់ មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសរបស់លោក មានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែលក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងគ្មានបង្ហាញការអត់ធ្មត់នោះទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនត្រូវបានវាយប្រហារ។
លោក Araghchi បានលេីកឡេីងថា “យើងជាបុរស និងស្ត្រីដែលមានគោលការណ៍។ ជនជាតិអ៊ីរ៉ង់មិនលួចវាយប្រហារសត្រូវ ខណៈពេលដែលកំពុងចូលរួមក្នុងការសន្ទនានោះទេ។ មានតែនៅពេលដែលត្រូវបានវាយប្រហារទេ ទើបយើងឆ្លើយតបយ៉ាងខ្លាំងក្លា” ដោយបន្ថែមថា “យើងមានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីផែនការរបស់អ៊ីស្រាអែល ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ។ ជាថ្មីម្តងទៀតគឺថា គ្មានអត់ធ្មត់នោះទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានវាយប្រហារ”។
នៅក្នុងការបង្ហោះមួយនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ លោក Araghchi បានចង្អុលបង្ហាញពីការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើហេដ្ឋារចនាសម្ព័ន្ធថាមពល ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ដោយថា “ការឆ្លើយតបរបស់យើង ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានប្រើប្រាស់ថាមពលតិចតួចរបស់យើង”។
លោកបានសង្កត់ធ្ងន់ថា «ហេតុផលតែមួយគត់សម្រាប់ការអត់ធ្មត់ គឺការគោរពចំពោះការស្នើសុំបន្ធូរបន្ថយភាពតានតឹង។ គ្មានការអត់ធ្មត់ទេ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់យើងត្រូវបានវាយប្រហារម្តងទៀត។ ការបញ្ចប់សង្គ្រាមណាមួយត្រូវតែដោះស្រាយការខូចខាតដល់ទីតាំងស៊ីវិលរបស់យើង៕
ប្រែសម្រួល ឈូក បូរ៉ា
