រួមកម្លាំងគ្នាសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ២.០ រួមគ្នាកសាងសហគមន៍វាសនារួម
លោកសាស្ត្រាចារ្យ Lu Guangsheng ជានាយកវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យយូណាននិងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអនុតំបន់ទន្លេឡានឆាង-មេគង្គនៃសាកលវិទ្យាល័យយូណាន។
អ្នកស្រី Jin Zhen សាស្ត្រាចារ្យនៃវិទ្យាស្ថានទស្សនៈវិជ្ជាកាល់ ម៉ាក្សនៃសាកលវិទ្យាល័យគរុកោសល្យយូណាន។
ផឹកទឹកទន្លេរួមគ្នា ភ្ជាប់វាសនាគ្នាយ៉ាងជិតស្និតចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០១៦ មក យន្តការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានអភិវឌ្ឍន៍ឈ្ពោះទៅមុខអស់រយៈពេល១០ឆ្នាំមកហើយ។
វេទិកាសហប្រតិបត្តិការអនុតំបន់បែបថ្មីនេះ ដែលត្រូវបានជំរុញរួមគ្នាដោយប្រទេសចិន
កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ដោយប្រកាន់ខ្ជាប់នូវស្មារតីឡានឆាង-មេគង្គគឺ ការអភិវឌ្ឍជាអាទិភាព ការពិគ្រោះយោបល់ដោយសមភាព ការអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាពខ្ពស់ ភាពបើកចំហនិងបរិយាប័ន្ន ។
យន្តការនេះបានដាក់ចេញនូវកម្លាំងរួមគ្នានៅក្នុងវិស័យសសរស្តម្ភទាំងបីរួមមាននយោបាយ និងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការផ្លាស់ប្តូរសង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយយកភាពអំណោយផលពីភ្នំនិងទឹកដែលនៅជាប់គ្នា ទៅជាសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
យន្តការនេះបានក្លាយជាយន្តការកិច្ចសហប្រតិបត្តិការអនុតំបន់ដែលមានភាពរស់រវើក និងមានប្រសិទ្ធភាពបំផុតមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានវិវត្តពីចក្ខុវិស្ស័យទៅជាសកម្មភាពជាក់ស្តែង ពីគម្រូទៅជាការពិត និងដំណើរការធ្វើសមាហរណកម្មដែលបានបង្កើនល្បឿនយ៉ាងមានស្ថេរភាព។
នៅឆ្នាំ២០២៥ ក្នុងវិស័យសេដ្ឋកិច្ចទំហំពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសមេគង្គទាំងប្រាំ បានហក់ឡើងលើសពី ៥០០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ១៥០% បើធៀបនឹងពេលចាប់ផ្តើមយន្តការដំបូង ដែលនេះបង្ហាញពីកម្លាំងជំរុញផ្ទៃក្នុងដ៏រឹងមាំ និងភាពរឹងមាំនៃការអភិវឌ្ឍ ។
ក្នុងវិស័យនៃការតភ្ជាប់ បន្ទាប់ពីការដាក់ឱ្យដំណើរការផ្លូវរថភ្លើងចិន-ឡាវ ដែលបានសម្រេចនូវការបោះជំហ៊ានលោតផ្លោះពីប្រទេសមិនមានសមុទ្រ ទៅជាប្រទែសដែលអាចតភ្ជាប់តាមរយៈផ្លូវគោក រួចមក គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ គម្រោងខ្សែបណ្តាញបញ្ជូនអគ្គិសនីតភ្ជាប់គ្នា ៥០០ គីឡូវ៉ុល ចិន-ឡាវ ត្រូវបានតភ្ជាប់ទាំងស្រុង ដែលក្លាយជាសមិទ្ធផលដ៏សំខាន់មួយទៀត ។
ផ្លូវល្បឿនលឿននៃអគ្គិសនីឆ្លងកាត់ព្រំដែននេះ មានសមត្ថភាពបញ្ជូនអគ្គិសនីទៅវិញទៅមកចំនួន ១,៥ លានគីឡូវ៉ាត់ និងអាចបញ្ជូនថាមពលស្អាតបានប្រហែល ៣ ប៊ីលាន(billion)គីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលសម្រេចបាននូវជំហ៊ានដ៏ធំពីការបញ្ជូនអគ្គិសនីតែមួយទិសទៅជាការជួយគ្នាទៅវិញទៅមកទាំងសងខាង ដើម្បីរួមបញ្ចូលកម្លាំងចលករបៃតងយ៉ាងខ្លាំងក្លាក្នុងការតភ្ជាប់ថាមពលក្នុងតំបន់ឡានឆាង-មេគង្គទៅវិញទៅមក។
ក្នុងវិស័យសន្តិសុខ សកម្មភាពរួមគ្នាឡានឆាង-មេគង្គប្រកបដោយសុវត្ថិភាពឆ្នាំ២០២៥ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានស៊ើបអង្កេតករណីឆបោកអនឡាញ និងល្បែងស៊ីសងតាមអ៊ីនធឺណិតជាង ៨,០០០ ករណី ចាប់ខ្លួនជនសង្ស័យជាង ១៤,០០០ នាក់ ស៊ើបអង្កេតករណីគ្រឿងញៀនចំនួន ១២២,០០០ករណី និងបានជួយសង្គ្រោះជនរងគ្រោះដោយជោគជ័យជាង ១,៤០០ នាក់ ដែលបានរួមចំណែកយ៉ាងខ្លាំងក្នុងការថែរក្សាសន្តិភាពនិងសុវត្តិភាពក្នុងតំបន់។
ចាប់តាំងពី ផែនការឡានឆាង-មេគង្គបៃតង រហូតដល់បណ្តុំគម្រោងឡានឆាង-មេគង្គបរិបូរ ចាប់ពីការធ្វើជាយន្តការនៃការបញ្ចេញទឹកបន្ទាន់ រហូតដល់ការបង្កើតវេទិកាចែករំលែកព័ត៌មានធនធានទឹក និងចាប់ពីការឆ្លើយតបយ៉ាងស៊ី
សង្វាក់គ្នាចំពោះសុខភាពសាធារណៈ រហូតដល់ការរួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន លទ្ធផលដែលបានឃើញជាក់ស្តែងទាំងនេះបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនរាប់រយលាននាក់ និងរួមចំណែកជាកម្លាំងចលករឥតឈប់ឈរសម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់ ។
នៅពីក្រោយល្បឿនឡានឆាង-មេគង្គ និង ប្រសិទ្ធភាពឡានឆាង-មេគង្គ គឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងសកម្មភាពជាក់ស្តែងរបស់ប្រទេសទាំងប្រាំមួយ ក្នុងការចាប់ដៃគ្នាកសាងសហគមន៍វាសនារួម ។
នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការលើកកម្ពស់គុណភាព និងការធ្វើឱ្យប្រសើរឡើងពី កំណែ ១.០ (Version 1.0) ទៅជា កំណែ ២.០ (Version 2.0)។ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលដ៏ធំធេងក្នុងសតវត្សដែលមិនធ្លាប់មានពីមុនមក ការងើបឡើងនៃឯកតោភាគីនិយម ការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការត្រួតស៊ីគ្នានៃបញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃណី មានតែតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកម្រិតខ្ពស់ ស៊ីជម្រៅ និងទូលំទូលាយជាងមុនប៉ុណ្ណោះ ទើបអាចប្រែក្លាយតំបន់ឡានឆាង-មេគង្គ ឱ្យទៅជាគំរូបង្ហាញសម្រាប់ការសាមគ្គីភាព ការពង្រឹងខ្លួនឯង និងការអភិវឌ្ឍរួមគ្នារបស់បណ្តាប្រទេសលោកខាងត្បូង។
ការរួមកម្លាំងសម្រាប់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ២.០ចំណុចស្នូលគឺស្ថិតនៅលើការជំរុញតុល្យភាពឡើងវិញ និងបោះជំហ៊ានដោយផ្អែកលើប្រព័ន្ធទាំង៣ថ្នាក់ គឺផលប្រយោជន៍-ការទទួលខុសត្រូវស្តង់ដា។
រួមកម្លាំងសម្រាប់ការរលាយចូលគ្នានៃផលប្រយោជន៍ និងកសាងទម្រង់ថ្មីនៃការអភិវឌ្ឍរួមគ្នាប្រកបដោយគុណភាពខ្ពស់។
បណ្តាប្រទេសឡានឆាង-មេ
គង្គមានការបំពេញបន្ថែមគ្នាទៅវិញទៅមកយ៉ាងខ្លាំងនូវធនធានដែលមានស្រាប់ ហើយខ្សែរសង្វាក់ឧស្សាហកម្ម និងខ្សែរសង្វាក់ផ្គត់ផ្គង់មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត។
គប្បីយកផ្លូវរថភ្លើងចិន-ឡាវ ជាកត្តាលីករក្នុងការបង្កើនល្បឿនជំរុញគម្រោងតភ្ជាប់សំខាន់ៗដូចជាផ្លូវរថភ្លើងចិន-ថៃ និងកសាងប្រព័ន្ធច្រករបៀងឆ្លងកាត់ព្រំដែនទាំង៤គឺដី ទឹក អាកាស និងអ៊ីនធឺណែតក្នុងការតភ្ជាប់អនុតំបន់ទាំងមូល។
ចាប់យកកាលានុវត្តភាពនៃយុគសម័យសេដ្ឋកិច្ចឌីជីថល និងការវិវត្តទៅរកភាពបៃតង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅក្នុងវិស័យដែលកំពុងលេចធ្លោដូចជា ៥G បញ្ញាសិប្បនិម្មិត កសិកម្មឆ្លាតវៃ និងថាមពលស្អាត។
យើងគួរតែបន្តច្នៃប្រឌិតគំរូសហប្រតិបត្តិការឧស្សាហកម្មឆ្លងដែន ដើម្បីធានាថាអត្ថប្រយោជន៍នៃការអភិវឌ្ឍទៅដល់ប្រជាជននៃប្រទេសទាំងអស់នៅក្នុងអាងទន្លេកាន់តែមានភាពស្មើគ្នានិងប្រកបដោយចីរភាព។
រួមកម្លាំងសម្រាប់ការទទួលខុសត្រូវរួមគ្នា និងធ្វើឱ្យប្រសើរឡើងនូវគំរូថ្មីនៃអភិបាលកិច្ចសហការក្នុងអាងទន្លេ។
ទឹកគឺជាទិសដៅអាទិភាពនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ហើយក៏ជាចំណងមនោសញ្ចេតនាក្នុងការកសាងសហគមន៍វាសនារួមផងដែរ។
គប្បីជំរុញកិច្ចសហប្រតិបត្តិការធនធានទឹកពីការឆ្លើយតបបន្ទាន់ ទៅជាការរៀបចំដែលមានលក្ខណៈស្តង់ដានិងជាប្រចាំ ព្រមទាំងកសាងយន្តការការងាររួមគ្នានៃការត្រួតពិនិត្យជលសាស្ត្រ ការព្រមានគ្រោះមហន្តរាយ និងការសងសំណងអេកូឡូស៊ី ដែលគ្របដណ្តប់លើអាងទន្លេទាំងមូល។
ទន្ទឹមនឹងនេះដែរ ត្រូវពង្រឹងការកសាងមជ្ឈមណ្ឌលសហប្រតិបត្តិការអនុវត្តច្បាប់ឡានឆាង-មេគង្គ រួមគ្នាបង្ក្រាបបទល្មើសឆ្លងដែន បង្កើតបណ្តាញអភិបាលកិច្ចសន្តិសុខក្នុងតំបន់ឱ្យកាន់តែស្អិតរមួត និងកសាងរបាំងសន្តិសុខដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
រួមកម្លាំងសម្រាប់ការកសាងបទដ្ឋានរួមគ្នា និងបណ្តុះការយល់ដឹងថ្មីអំពីសហគមន៍វាសនារួមឱ្យកាន់តែស៊ីជម្រៅ។
ភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺស្ថិតនៅលើការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដោយផ្អែកលើការទទួលស្គាល់តម្លៃរួម។
គប្បីជំរុញឱ្យចក្ខុវិស័យសហគមន៍វាសនារួមនៃបណ្តាប្រទេសឡានឆាង-មេគង្គ ឈានចេញពីទ្រឹស្តីទៅជាការឆ្លើយតបស៊ីសង្វាក់គ្នានៅក្នុងស្រទាប់មហាជន និងពីគំនិតផ្តួចផ្តើមផ្សព្វផ្សាយ ទៅជាការទទួលស្គាល់ចេញពីចិត្ត។
បន្តពង្រីកគម្រោងលេចធ្លោនានាដូចជាសប្តាហ៍ សោតទស្សន៍ឡានឆាង-មេគង្គនិងកម្មវិធីសិក្សាមានគុណភាពឡានឆាង-មេគង្គ ព្រមទាំងអនុវត្តដោយយកចិត្តទុកដាក់នូវគម្រោងជីវភាពរស់នៅតូចតែឆ្លាតវៃឱ្យបានកាន់តែច្រើន ដើម្បីឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍យ៉ាងទូលំទូលាយដល់មហាជន និងបណ្តុះមូលដ្ឋានគ្រឹះនៃមិត្តភាពដែលបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។
ទន្លេដ៏ធំអស្ចារ្យហូរកាត់ឥតឈប់ឈរឆ្ពោះទៅមុខ ប្រទេសទាំងប្រាំមួយចាប់ដៃគ្នាធ្វើដំណើរក្នុងទូកតែមួយដោយសាមគ្គីភាព។
ប្រទេសឡានឆាង-មេគង្គទាំងប្រាំមួយមានភ្នំនិងទឹកជាប់គ្នា វប្បធម៌ប្រហាក់ប្រហែលគ្នានិងផលប្រយោជន៍រលាយចូលគ្នា ដែលជាអ្នកជិតខាងល្អ និងជាដៃគូល្អដែលមានវាសនារួមគ្នា។
ដោយយកមូលដ្ឋានគ្រឹះនៃការរួបរួមយ៉ាងស៊ីជម្រៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកជាបង្អែក និងការរួមគ្នាកសាងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កំណែ២.០ វានឹងជំរុញការកសាងសហគមន៍វាសនារួមនៃបណ្តាប្រទេសឡានឆាង-មេគង្គ ឱ្យបោះជំហានទៅមុខយ៉ាងរឹងមាំ និងវែងឆ្ងាយ ព្រមទាំងរួមចំណែកផ្តល់បញ្ញាឡានឆាង-មេគង្គ សម្រាប់ការរឹតបន្តឹងអភិបាលកិច្ចតំបន់របស់បណ្តាប្រទេសលោកខាងត្បូងនិងបើកទំព័រថ្មីនៃឡានឆាង-មេគង្គ ដ៏ត្រចះត្រចង់បន្ថែមទៀតសម្រាប់ការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ៕
