ព័ត៌មានជាតិ

ក្នុងវិបត្តិជាសាកល៖ សហជីពគ្រប់និន្នាការនៅកម្ពុជាគាំទ្រ និងថ្លែងអំណរគុណចំពោះចំណាត់ការរាជរដ្ឋាភិបាល ដែលបន្ថែមថ្លៃធ្វើដំណើ ២,៥ដុល្លារ ដល់កម្មករព្រោះចំពេលម្ចាស់ឡានត្រៀមដំឡើង

ភ្នំពេញ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជាវិធានការបណ្តោះអាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

ការប្រកាសគាំទ្រនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីក្រសួង លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីពិនិត្យលទ្ធភាពសម្រាលបន្ទុកចំណាយសោហ៊ុយធ្វើដំណើររបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក្នុងអំឡុងពេលអន្តរកាលនៃវិបត្តិថ្លៃប្រេងឥន្ធនៈជាសកល។

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែងថា អ្នកស្រីគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលដែលបានជួយអន្តរាគមន៍បញ្ហាវិបត្តិប្រេងឥន្ធនៈជាសកលបានទាន់ពេល។ តំណាងកម្មករនិយោជិត និងនិយោជក បានពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីស្វែងរកដំណោះស្រាយសមរម្យជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លងមកយើងធ្លាប់ជជែកគ្នាច្រើនពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែលអាចទទួលយកទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយនិយាយឆាប់ត្រូវគ្នាទៀត ដោយសារយើងបានដឹងច្បាស់ពីស្ថានភាពដែលបានកើតឡើងនៅលើសកលលោក»។

លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករនឹងសប្បាយរីករាយខ្លាំង ក្រោយពីបានទទួលដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ គាំទ្រដល់ចំណាត់ការនេះ និងចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។

ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាពចលនាកម្មករកម្ពុជាបាននិយាយថា ក្នុងនាមតំណាងកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។

អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំសប្បាយរីករាយចចំពោះចំណាត់ការនេះ បើទោះបីជាចំនួននៃការផ្ដល់ជូនទៅកម្មករមិនបានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់បងប្អូនកម្មករនិយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺមិនងាយពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺយើងមិនបានជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»៕

To Top