យុទ្ធនាការ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ទាក់ទាញយុវជនចូលរួមយ៉ាងសកម្មនៅស្រុកជ័យសែន
ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៦ រដ្ឋបាលស្រុកជ័យសែន បានសហការជាមួយ «ក្លឹបនៃក្តីស្រឡាញ់» នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រះវិហារ រៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដោយមានការចូលរួមយ៉ាងសកម្មពីយុវជន និងប្រជាពលរដ្ឋក្នុងតំបន់។

យោងតាមអ្នករៀបចំកម្មវិធី បានឱ្យដឹងថា មានអ្នកស្ម័គ្រចិត្តចូលរួមសរុបចំនួន ៦៦នាក់ ក្នុងនោះមានស្ត្រី ១៥នាក់ ហើយមានអ្នកបរិច្ចាគឈាមដោយជោគជ័យចំនួន ៤៧នាក់ បន្ទាប់ពីបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពតាមស្តង់ដារវេជ្ជសាស្ត្រ។

យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចូលរួមគាំទ្រគោលដៅ «បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ១០០%» របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។

«ក្លឹបនៃក្តីស្រឡាញ់» បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំផុសចលនាយុវជន និងការចូលរួមរបស់សហគមន៍ ដោយផ្តោតលើការចែករំលែកចំណេះដឹង និងការបង្កើតវប្បធម៌បរិច្ចាគឈាមដោយមិនគិតកម្រៃ។

អ្នករៀបចំបានបញ្ជាក់ថា ការបរិច្ចាគឈាម មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះសំខាន់ក្នុងការធានាសុវត្ថិភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ឈាម សម្រាប់ប្រើប្រាស់ក្នុងវិស័យសុខាភិបាល។ ឈាមដែលបានប្រមូល នឹងត្រូវប្រើប្រាស់សម្រាប់ការវះកាត់ ការព្យាបាលជំងឺធ្ងន់ធ្ងរ និងសង្គ្រោះជីវិតអ្នកជំងឺ ដូចជា អ្នកជំងឺមហារីក អ្នកមានជំងឺឈាម អ្នករងរបួសធ្ងន់ និងស្ត្រីក្នុងស្ថានភាពសម្រាលកូន។
ក្នុងបរិបទទូលំទូលាយ ការផ្តល់ឈាមដោយស្ម័គ្រចិត្ត កំពុងក្លាយជាគោលនយោបាយសំខាន់មួយរបស់វិស័យសុខាភិបាលកម្ពុជា ដើម្បីធានាថាមានឈាមគ្រប់គ្រាន់ និងមានគុណភាពសម្រាប់ការព្យាបាលអ្នកជំងឺនៅទូទាំងប្រទេស។

ជាមួយគ្នានេះ «ក្លឹបនៃក្តីស្រឡាញ់» បានប្តេជ្ញាបន្តរៀបចំកម្មវិធីបរិច្ចាគឈាមជាប្រចាំ ដើម្បីឆ្លើយតបតម្រូវការកាន់តែខ្ពស់នៃឈាមនៅតាមមន្ទីរពេទ្យ និងរួមចំណែកក្នុងការសង្គ្រោះជីវិតមនុស្សបន្ថែមទៀតនៅពេលអនាគត៕
ដោយ៖ សួន ពិ សិត ដើមអម្ពិល
