ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ឲ្យចូលទៅហ្វឹកហ្វឺន ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ

កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញតម្រែតម្រង់ទិសរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ឲ្យចូលទៅហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ក្រោមអធិបតីភាព លោក បណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីផងដែរ ស្ថិតនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងពិធីនាពេលនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងពីលក្ខខណ្ឌ័ក្នុងការជ្រើសរើសទព័ ព្រមទាំងលើកឡើងពីសកកម្មភាពកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងតួនាទីការពារប្រជាពលរដ្ឋ ព្រមទាំងបានលើកពីគុណប្រយោជន៍ចំពោះលេខអន្តរាគមន៍ (Hotline 1292) និងបានថ្លែងអំណរអរគុណចំពោះ លោកបណ្ឌិតជាម ចន្ទ័ សោភ័ណ្ឌ ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រ ដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រហូតមក។

ជាពិសេសបានផ្តាំផ្ញើរដល់យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ ត្រូវតស៊ូអត់ធ្មត់ ព្យាយាមហ្វឹកហ្វឺនរៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងសាលាឲ្យបានល្អ ដើម្បីក្លាយជាកងកម្លាំងមាន គុណភាព មានសត្ថភាព សាម៉ីខ្លួនម្នាក់ៗត្រូវខិតខំប្រឹងប្រែងដុះខាត់សមត្ថភាព និងជំនាញឲ្យបានខ្លាំងខ្លា។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ ក៏បានមានប្រសាសន៏សំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ជាស្ថាពរ)ទាំងអស់ រួមនិងក្រុមគ្រួសារ មាតាបិតា អាណាព្យាបាលយោធិនជ្រើសរើសថ្មីដែលបានចូលរួមក្នុងពិធី ដោយបានណែនាំក្មួយៗដែលជាយោធិនទើបជ្រើសរើសថ្មី ឲ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បេសកកម្មក្នុងការហ្វឹកហ្វឺនឲ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ​​​ ឲ្យបានល្អដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានល្អ សម្រាប់សង្គមជាតិនៃយើង។ ព្រោះក្មួយៗជាកម្លាំងដែលជាឆ្អឹងខ្នងនៃសន្តិសុខជាតិ កងកម្លាំងរឹងមាំប្រទេសជាតិមានសន្តិភាព មានការរីកចម្រើន រុងរឿងទៅមុខបាន ។

ជាចុងក្រោយមុននឹងបញ្ចប់នៃកម្មវិធី លោក អភិបាល និងលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានប្រគល់ជូននូវថវិកា អាវរងារ និងជូនបាច់ផ្កាអនុស្សាវរីយ៍ និងសម្ភារៈមួយចំនួនសម្រាប់ប្រើប្រាស់ និងហូបចុកពេលទៅហ្វឹកហ្វឺនរៀនសូត្រដោយក្នុងនោះម្នាក់ៗទទួលបាន៖ ថវិកាចំនួន៨០,០០០រៀល, អាវរងារចំនួន ០១អាវ, មីចំនួន០១កេស,ទឹកបរិសុទ្ធចំនួន០១កេស ថែមទៀតផងដែរ៕

To Top