មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ការធ្វើឃាតមេដឹកនាំអ៊ីរ៉ង់ នឹងមានផលវិបាកធ្ងន់ធ្ងរ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានកំពូលរបស់ទូរទស្សន៍រដ្ឋរុស្ស៊ី គឺលោក Pavel Zarubin ខណៈពេលកំពុងធ្វើអត្ថាធិប្បាយលើការធ្វើឃាតទាំងនោះថា “ក្នុងករណីណាក៏ដោយ វាជាស្ថានភាពមិនប្រក្រតីដែលមាន ហេីយនឹងបន្តមានផលវិបាកយ៉ាងជ្រាលជ្រៅ។ វាមិនអាចនៅដោយគ្មានផលវិបាកនោះទេ”។
លោក Peskov បានលេីកឡេីងថា សកម្មភាពបែបនេះនាំទៅរកសាមគ្គីភាពកាន់តែខ្លាំងឡើងក្នុងចំណោមប្រជាជនអ៊ីរ៉ង់ ជុំវិញភាពជាអ្នកដឹកនាំរបស់ពួកគេ។
នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារតាមអាកាសរួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ជាច្រើនទៀត ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei រួមជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិលរាប់នាក់ផ្សេងទៀត។
អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅមូលដ្ឋាន និងទ្រព្យសម្បត្តិយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ាទុកជាការសងសឹក៕
ប្រែសម្រួល ឈូក បូរ៉ា
