ប្រមុខរដ្ឋស្តីទីកម្ពុជា ៖ ទំនាក់ទំនងកម្ពុជា-ឡាវ ជាទំនាក់ទំនងដ៏ស្មោះត្រង់ ជាមួយគ្នាជានិច្ច
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជាមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលមានជាមួយគ្នាតាំងពីយូរលង់រហូតមកដល់បច្ចុប្បន្ន និងទៅពេលខាងមុខទៀត គឺជាទំនាក់ទំនងដ៏ល្អ និងស្មោះត្រង់ជាមួយគ្នាជារៀងរហូត ។

ក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សនស៊ៃ វ៉ាន់ណាស៊ៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឡាវចូលជួប និងប្រគល់សារតាំង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានថ្លែងថា លោក សនស៊ៃ វ៉ាន់ណាស៊ៃបានលើកឡើង ពីទំនាក់ទំនងដ៏ល្អប្រសើរ ដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែងជាមួយគ្នា ។

ឯកអគ្គរដ្ឋទូតថ្មីឡាវបន្តថា មិត្តភាពនៃទំនាក់ទំនង រវាងកម្ពុជា-ឡាវ ជាមិត្តភាពដែលមានប្រវត្តិសាស្រ្ត នៃការជួយគ្នា ទៅវិញទៅមក ហើយក៏ជាប្រទេសដន្លងនឹងគ្នា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលេចដែរថា ឆ្នាំ២០២៦នេះ ជាខួប៧០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ដោយឯកឧត្តមនឹង ខិតខំប្រឹងប្រែងពួនជ្រំ នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនិងរីកចម្រើនបន្ថែមទៀត ។
ជាកិច្ចឆ្លើយតប សម្តេចតេជោបានសម្តែងការពេញចិត្តជាខ្លាំង ចំពោះការលើកឡើងរបស់ ឯកឧត្តម សនស៊ៃ វ៉ាន់ណាស៊ៃ ជុំវិញការលើកឡើងនូវបរិបទនៃទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលមានភាពជិតស្និទ្ធជាមួយគ្នា ។

លោក ជា ធីរិទ្ធបញ្ជាក់ថា “សម្តេចតេជោមានប្រសាសន៍ថា កម្ពុជានិងឡាវមានប្រវត្តិសាស្រ្ត នៃទំនាក់ទំនង ដែលមានទាំងប្រវត្តិសាស្រ្ត រហូតមកទល់បច្ចុប្បន្ន នៅតែទំនាក់ទំនង ដ៏ល្អនិងស្អិតរមួត ហើយប្រទេសទាំងពីរ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែងជាមួយគ្នា។ ទន្ទឹមនឹងនេះ សម្តេចតេជោរំលេចទៀតថា កម្ពុជា-ឡាវ ជាមិត្តដែលមានចិត្តស្មោះសនឹងគ្នាជានិច្ច”។

បន្ថែមពីលើនេះទៀត សម្តេចតេជោបានជំរុញឱ្យថ្នាក់ដឹកនាំប្រទេសទាំងពីរ បង្កើតទំនាក់ទំនងជាមួយគ្នា ឱ្យកាន់តែរឹងមាំបន្តទៀតទាំងពេលបច្ចុប្បន និងទៅថ្ងៃអនាគតលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដើម្បីឈានទៅគាំទ្រដល់ទំនាក់ទំនង ខាងនយោបាយ និងការទូត៕




