ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ បន្ធូរបន្ថយបន្ទុកអាករ លើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% ដោយរដ្ឋទទួលបន្ទុក ជំនួសចំនួន ៦% គិតចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ។

យោងតាមសេចក្តីណែនាំ ស្តីពី វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ផលិតផលតេលសិលា (ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការ នៃការកើនឡើងថ្លៃ ប្រេងលើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួល ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ធូរបន្ថយបន្ទុកអាករ លើតម្លៃបន្ថែមសម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា១០% មកអត្រា៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន៦%) ។

ក្រសួងសេដ្ឋកិច្ច បានធ្វើការណែនាំសហគ្រាសនាំចូល និងចែកចាយបន្ត ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% លើការផ្គត់ផ្គង់ក្នុងស្រុកនូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយត្រូវចេញវិក្កយបត្រអាករ ចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជន ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដោយលើវិក្កយបត្រអាករ ត្រូវប្តូរអាករលើតម្លៃបន្ថែមអត្រា១០% ទៅជាអាករលើតម្លៃបន្ថែមអត្រា៤%។

ជាមួយគ្នានេះ ត្រូវចេញវិក្កយបត្រធម្មតាចំពោះការផ្គត់ផ្គង់ទៅឱ្យអតិថិជនដែលជាអ្នកប្រើប្រាស់ចុងក្រោយ (មិនស្ថិត នៅក្រោមរបបស្វ័យប្រកាស) ដោយថ្លៃលក់រួមទាំងអាករ ត្រូវគិតអាករលើតម្លៃបន្ថែមអត្រា៤% ។

ចំពោះ អាករលើតម្លៃបន្ថែមអត្រា១០% ឬអត្រា៤% ដែលសហគ្រាសបានបង់លើការនាំចូល ឬទិញក្នុងស្រុក នូវប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលទៅតាមទឹកប្រាក់អាករបង់ជាក់ស្តែង ដោយត្រូវមានប្រតិវេទន៍គយនឹងបង្កាន់ដៃបង់ពន្ធអាករ ឬមានវិក្កយបត្រអាករ និងឯកសារទូទាត់ប្រាក់ត្រឹមត្រូវសម្រាប់ការទិញក្នុងស្រុក៕

To Top