ព័ត៌មានជាតិ

តុលាការចោទប្រកាន់ស្រ្តីជាអ្នកបើកបរ ខណៈកូនប្រុសអភិបាល ស្រុកងមាស ត្រូវបានដោះលែង

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លើស្រ្តីម្នាក់ឈ្មោះ សុខ ច័ន្ទបូណ៍មី ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យរបួសអ្នកដទៃ នៅខណ្ឌឬស្សីកែវ ខណៈបុរសម្នាក់ ជាកូនប្រុសអភិបាលស្រុកកងមាស ខេត្តកំពង់ចាមដែលជាមន្រ្តីរាជការនោះ ត្រូវបានដោះលែងឱ្យសេរីភាពវិញ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៤ មីនា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចផ្លូវបេតុងប្រសព្វផ្លូវលេខ១៧១៧ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រវាងរថយន្តម៉ាក DONG FENG FORTHING ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយឈ្មោះ សុខ ច័ន្ទបូណ៌មី ហៅ យាន ភេទស្រី កើតថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៣ និងអ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៧ ដែលជាកូនប្រុស អភិបាលស្រុកកងមាស បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាក HONDA TODAY ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១០-៤៦០៤ បើកបរដោយឈ្មោះ ថា ឧត្តម ភេទប្រុស អាយុ១១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ។
ចំណែកម៉ូតូជាប់ខាងមុខក្រោមរថយន្តអូស ទៅមុខប្រវែង៧៨ម៉ែត្រ ទើបរថយន្តឈប់ កាលពីរាត្រីថ្ងៃ១៨ មីនានោះ ផ្អែកតាមការសន្និដ្ឋាន របស់សមត្ថកិច្ចជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក នៃការស៊ើបអង្កេតឃើញថា ឈ្មោះ សុខ ច័ន្ទបូណ៍មី គឺជាអ្នកបើកបររថយន្តបង្ក ឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រីឯឈ្មោះ សាមីន វុត្ថារិទ្ធិ ភេទប្រុស គឺជាអ្នករួមដំណើរ មិនមែនជាអ្នកបើកបររថយន្តទេ។
ដូច្នេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ សុខ ច័ន្ទបូណ៍មី ពីបទ៖បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ (ក្នុងស្ថានភាពស្រវឹងមានជាតិអាល់កុល ០.៥២mg/L និងបើកគេចខ្លួនពីកន្លែងកើតហេតុ) ។ ចំណែក អ្នករួមដំណើរឈ្មោះ សាមីន វុត្ថារិទ្ធិ តំណាងអយ្យការបានសម្រេចដោះលែងឱ្យមាន សេរីភាព ៕

To Top