អភិបាលស្រុកជាំក្សាន្តឧបត្ថមប្រាក់ ដល់ជនភៀសសឹកចំនួន ២៥២គ្រួសារ
ខេត្តព្រះវិហារ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក យុង ហួត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ចិន ខន្តី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកជំនួយសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋជនភៀសសឹកចំនួន ២៥២គ្រួសារ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កម្មវិធីនេះត្រូវបានអនុវត្តក្រោមការគាំទ្រពីអង្គការ ទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា (World Vision International Cambodia) និងមានការសម្របសម្រួលដោយលោក សុខ វៃ ប្រធានកម្មវិធីតំបន់ប្រចាំស្រុកជាំក្សាន្ត។

តាមការបញ្ជាក់ ពលរដ្ឋដែលទទួលបានជំនួយនីមួយៗ គឺទទួលបានថវិកាចំនួន ៤០០,០០០ រៀល (បួនរយពាន់រៀលគត់) ក្នុងមួយគ្រួសារ ដើម្បីជួយបន្ធូរបន្ថយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងគាំទ្រការស្ដារឡើងវិញនៃជីវភាពបន្ទាប់ពីរងផលប៉ះពាល់ពីស្ថានភាពភៀសសឹក។

ក្នុងឱកាសនោះ មន្ត្រីដឹកនាំស្រុកបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋានចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលមានភាពងាយរងគ្រោះ។ ក៏ដូចជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ World Vision International Cambodia ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រផ្នែកមនុស្សធម៌នៅក្នុងតំបន់នេះ។

កម្មវិធីចែកជំនួយនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសមានរបៀបរៀបរយ សុវត្ថិភាព និងមានភាពស្មើភាព ដោយធានាថាជំនួយបានឈានដល់ដៃអ្នកទទួលយ៉ាងត្រឹមត្រូវ និងប្រសិទ្ធភាព។
ការផ្តល់ជំនួយសាច់ប្រាក់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គមនៅក្នុងសហគមន៍៕
ដោយ៖ សួន ពិសិត|ព្រះវិហារដើមអម្ពិល
