ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ បានប្រារព្ធ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៥ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

លោក អ៊ុន ចាន់ថា បានមានប្រសាសន៍ឲ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងកាន់តែយកចិត្តទុកដាក់ខ្លាំងក្លាថែមទៀត ក្នុងកិច្ចការពារប្រជាពលរដ្ឋ និងប្រទេសជាតិ ពីភាពរងគ្រោះទាំងឡាយដោយឧក្រិដ្ឋកម្មជួញដូរមនុស្ស ដែលបានបង្កឱ្យមានវិនាសកម្មជាថ្មីដល់មនុស្សជាតិ ហើយបាននិងកំពុងក្លាយជាទាសភាពសម័យទំនើបគួរឱ្យភ័យខ្លាច និងស្អប់ខ្ពើម។

អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទគឺជាបរិបទសកល ដែលនៅតែបន្តកើតមានឡើងអាស្រ័យកត្តាសំខាន់បីគឺ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានបាតុភាពមួយចំនួនទៀត ដែលមានទំនោរទៅរកអំពើជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែនក្រោមរូបភាពអំពើជួលពពោះជំនួស។

លោកអភិបាលខេត្តបន្តថា នេះជាកង្វល់ថ្មីទៀតដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបាន និងកំពុងតែដាក់វិធានការ ស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបជាបណ្ដើរៗឱ្យបានទាន់ពេលវេលា និងថែមទាំងសិក្សាអំពីបរិបទច្បាប់ បទដ្ឋានគតិយុត្តិពាក់ព័ន្ធបន្ថែមទៀតដើម្បីជៀសវាងការីកដុះដាលនៃបទល្មើស ដែលនាំឱ្យបង្កគ្រោះថ្នាក់កាន់តែច្រើនឡើង ដល់សង្គម និងមនុស្សគ្រប់វ័យ។

អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា

To Top