អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត
បាត់ដំបង៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលមានលោក វរសេនីយ៍ត្រី ជួប ណូ ជាមេបញ្ជាការ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ក្រោយធ្វើសកម្មភាពលួចយកគ្រឿងរថយន្ត (ប្រអប់លេខឡាន និង ប៉ុងឡាន) នៅក្នុងបរិវេណផ្សារ ភួ ពុយ នៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្សារបន្លែ ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន
- ទី១. ឈ្មោះ ពេជ្រ ប្រុសខួច ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង
- ទី២. ឈ្មោះ សឿង ម៉េងលាង ហៅ ខ្មៅ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង


តាមបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឆុន ធារិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងឈ្មោះ សល់ ស៊ីធាន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅភូមិកូនក្អែក១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ខេត្តបាត់ដំបង ក្រោយពួកគេធ្វើសកម្មភាពលួច(ប្រអប់លេខឡាន និងប៉ុងឡាន) កាលពីវេលាម៉ោង ០៥និង០៦នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ និងវេលាម៉ោង ០៣និង៤៥នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ នៅត្រង់ចំណុចឃ្លាំងដីផ្សារភួពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូសណ្តោងរ៉ឺម៉ក ចំនួន ០១គ្រឿង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថក្រុងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
