ព័ត៌មានជាតិ

ជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ៩៣៩នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា បន្ទាប់ពីប្រព្រឹត្តិបទល្មើសនានានៅកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២០ ដល់ ២៣ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៩៣៩នាក់ ស្រី១១៣នាក់ ចេញពីប្រទេស។

ជនបរទេសទាំងនោះ មាន២២សញ្ជាតិ រួមមាន ៖ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូនេស៊ី យ៉ូហ្គង់ដា ស្រីលង្កា ចិន មីយ៉ាន់ម៉ា បង់ក្លាដេស នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ម៉ាឡេស៊ី កាមេរូន ហ្គាណា កេនយ៉ា ឡាវ ថៃ កូរ៉េ អ៉ីតាលី វៀតណាម អេត្យូពី ជប៉ុន និងរវ៉ាន់ដា ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះ មានជនជាតិវៀតចិនចំនួន ៣៣១នាក់ (ស្រី ១៦នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

សូមរំលឹកថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

To Top