ព័ត៌មានអន្តរជាតិ

កាសែត Financial Times ផ្សាយថា ប៉ាគីស្ថានអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេស ប៉ាគីស្ថានអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។

កាសែត Financial Times បានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសអាស៊ីខាងត្បូងនេះបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចានៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ខ្លួន នៅដើមសប្តាហ៍នេះ។

របាយការណ៍បានឱ្យដឹងថា កិច្ចចរចានេះទំនងជាពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់មកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

មេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក Asim Munir បាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអាទិត្យ ខណៈដែលនាយករដ្ឋមន្ត្រី Shehbaz Sharif បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃចន្ទ។

ក្រៅពីការបង្ហាញពីក្តីបារម្ភរបស់លោកលើ «អរិភាពដ៏គ្រោះថ្នាក់ដែលកំពុងបន្តនៅក្នុងតំបន់ឈូងសមុទ្រ» លោក Sharif បានធានាដល់អ៊ីរ៉ង់ថា ប៉ាគីស្ថាននឹងបន្តដើរតួនាទីស្ថាបនាក្នុងការ «សម្របសម្រួលសន្តិភាព» នៅក្នុងតំបន់។

បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានផ្សាយថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei ក៏បានលើកឡើងផងដែរថា សារត្រូវបានទទួលពី «ប្រទេសជាមិត្តមួយចំនួនដែលបង្ហាញពីសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាដើម្បីបញ្ចប់សង្គ្រាម» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top