ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ៖ សារព័ត៌មានថៃ ចុះផ្សាយដោយដកស្រង់សម្តីប្រធានចារកម្មថៃ ដែលចោទលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានឆ្លើយតបវិញថា សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ នោះ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា «នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ សារព័ត៌មានថៃ បានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន»។

កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។

កងទ័ពកម្ពុជា គាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕

To Top