លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំប្រតិភូ អាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពីធីគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន
កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញណែនាំពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២រសៀល នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយរោគាពាធ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន គឺជាការបាត់បង់នូវឪពុក ជីតា ប្តីនិងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលកន្លមកផងដែរ។

ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕







