ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ថ្នាក់ជាតិស្តីពី ការជំរុញបរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការជំរុញ បរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា៖ ការពង្រឹងសមត្ថភាពគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព” ។

សិក្ខាសាលានេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងក្រោមកិច្ចសហការរវាងធនាគារ ARDB និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្រោមការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍នានា រួមមាន សមាគម ADFIAP, ធនាគារ KDB, ក្រុមហ៊ុន Mekong Strategic Capital (MSC) និងអង្គការ Water.org។

សិក្ខាសាលាថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងស្ដីពីហិរញ្ញប្បទានបៃតងដល់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា សំដៅបង្កើតបណ្ដាញទំនាក់ទំនង និងជំរុញការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដោយគិតគូរពីបញ្ហាអាកាសធាតុ ដើម្បីជំរុញដល់បរិយាបន្នហិរញ្ញប្បទានបៃតងនៅកម្ពុជា។

ទន្ទឹមនេះ, សិក្ខាសាលានេះក៏បានរំលេចពីក្របខ័ណ្ឌនៃកម្មវិធីមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (CCFF) ផងដែរ ដើម្បីជួយភ្ជិតគម្លាតហិរញ្ញប្បទានបៃតង ពោលគឺដើម្បីស្វែងយល់ពីតម្រូវការ ក៏ដូចជាការផ្គត់ផ្គង់ហិរញ្ញប្បទានបៃតងនៅកម្ពុជា។ សិក្ខាសាលានេះមានការចូលរួមពីជំនាញ និងតំណាងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណ ៧៥រូប ដែលបានចូលរួមដោយផ្ទាល់ និងមួយចំនួនទៀតតាមរយៈប្រព័ន្ធអនឡាញ៕

To Top