ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជិត ៥០ម៉ឺនដុល្លារ សម្រាប់កែលម្អការអប់រំកុមារតូច នៅខេត្តកំពង់ធំ

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាសរុបចំនួន ៤៩៣.៧៦៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយមួយ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។

កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ លោក អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ សម្រាប់អនុវត្តគម្រោង ខាងក្រោម៖

កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការរៀន និងបង្រៀនរបស់កុមារនៅជនបទក្នុងប្រទេស កម្ពុជា (ថវិកាចំនួន ៤៩៣.៧៦៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការទស្សនៈពិភពលោកជប៉ុន។

គម្រោងនេះមានគោលបំណងកែលម្អលទ្ធផលសិក្សាផ្នែកអប់រំកុមារតូចក្នុងខេត្តកំពង់ធំ។ ធាតុផ្សំសំខា ន់ៗរបស់គម្រោងរួមមានការពង្រឹងសមត្ថភាពគ្រូបង្រៀននៅក្នុងសាលាគោលដៅ តាមរយៈការបណ្តុះបណ្តា លគ្រូ ការអនុវត្តថ្នាក់បំប៉ងដោយផ្អែកលើការវាយតម្លៃការសិក្សា និងការកែលម្អបរិយាកាសសិក្សា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងថា អង្គការនឹងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអប់រំ ដូចជា៖ ការខ្វះខាតឱកាសសម្រាប់ការបណ្តុះបណ្តាលគ្រូកំពុងបង្រៀន និងកង្វះលទ្ធភាពទទួលបានសម្ភារៈបង្រៀនក៏ដូចជាឧបករណ៍ឌីជីថលនានា ព្រមទាំងគាំទ្រដល់ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែកលើការវាយតម្លៃការសិក្សា។

ជាងនេះទៅទៀតដើម្បីឆ្លើយតបទៅនឹងភាពចាស់ទ្រុឌទ្រោមនៃបរិក្ខារ សាលារៀន និងស្ថានភាពកង្វះនៃសម្ភារៈសិក្សាអង្គការក៏នឹងកែលម្អបរិយាកាសសិក្សា តាមរយៈការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ។

សូមរំលឹកថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមិនក្នុងប្រទេសកម្ពុជា៕

To Top