ព័ត៌មានជាតិ

រដ្ឋបាលស្រុកកំពង់ស្វាយ រៀបចំតាំងលម្អ នៅសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមអបអរសាទរ និងត្រៀមទទួលស្វាគមន៍ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០២៦

កំពង់ធំ៖ ការរៀបចំតាំងលម្អនេះ ត្រូវបានអនុវត្តឡើងក្រោមការដឹកនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីអាជ្ញាធរស្រុក ដោយមានការចូលរួមសហការពីមន្ត្រីរាជការ កងកម្លាំង និងយុវជនស្ម័គ្រចិត្ត។

ស្តង់នីមួយៗត្រូវបានរចនាឡើងយ៉ាងច្នៃប្រឌិត បង្ហាញពីអត្តសញ្ញាណវប្បធម៌ ប្រពៃណី និងសក្តានុពលស្រុកកំពង់ស្វាយ ឲ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

នៅតាមបរិវេណសួនច្បារមាត់ស្ទឹងសែន គេឃើញមានការតាំងលម្អដោយប្រើភ្លើងពណ៌ ស្លាកសញ្ញា និងរូបចម្លាក់ផ្សេងៗ ដែលបង្កើតបរិយាកាសរីករាយ សប្បាយរីករាយ និងសមរម្យទៅនឹងពិធីបុណ្យប្រពៃណីខ្មែរ។

ការរៀបចំនេះមិនត្រឹមតែបង្កើនសោភ័ណភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់អ្នកយកព័ត៌មានយើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា ការរៀបចំតាំងលម្អនេះគឺជាផ្នែកមួយនៃការចូលរួមរបស់ស្រុក ក្នុងការគាំទ្រកម្មវិធីសង្ក្រាន្តរបស់ខេត្តកំពង់ធំ ដោយមានគោលបំណងបង្ហាញពីសាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន។

ជាមួយគ្នានេះ អភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ឲ្យចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងរួមគ្នាបង្កើតបរិយាកាសសប្បាយរីករាយ ក្នុងអំឡុងពេលប្រារព្ធពិធីសង្ក្រាន្តឆ្នាំ២០២៦ ឲ្យប្រព្រឹត្តទៅដោយរលូន និងមានភាពអធិកអធម៕

ដោយ៖ សំ នៀង

To Top