កប៉ាល់ដែលមានទង់ជាតិឥណ្ឌាចំនួន ២០គ្រឿង ដែលអ៊ីរ៉ង់ថា ជាប្រទេសមិត្តភាព នៅតែស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែក្សដែលរងគ្រោះដោយសង្គ្រាមនៅឡើយ
បរទេស៖ យោងតាមក្រសួងដឹកជញ្ជូនរបស់ឥណ្ឌា បានឱ្យដឹងថា ឥឡូវនេះមានកប៉ាល់ដែលមានទង់ជាតិឥណ្ឌាចំនួន២០ គ្រឿងដែលនៅតែស្ថិតនៅក្នុងតំបន់ឈូងសមុទ្រពែក្សដែលរងគ្រោះដោយសង្គ្រាម ដោយដឹកនាវិកឥណ្ឌាប្រហែល ៥៤០នាក់។
យោងតាមសារព័ត៌មាន DW របស់ឥណ្ឌា ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ថា ប្រទេសឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោម “ប្រទេសមិត្តភាព” ទាំងប្រាំដែលកប៉ាល់របស់ពួកគេត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅថ្ងៃសុក្រថា កប៉ាល់ដឹកប្រេង LPG (ឧស្ម័នប្រេងរាវ) របស់ឥណ្ឌា Jag Vasant បានចូលចតនៅកំពង់ផែមួយក្នុងរដ្ឋ Gujarat នៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីជាប់គាំងនៅក្នុងច្រកសមុទ្រ Hormuz អស់រយៈពេលជិត ២៣ថ្ងៃ។
ប្រទេសឥណ្ឌាក៏ជាប្រទេសនាំចូល LPG ធំជាងគេទីពីររបស់ពិភពលោកផងដែរ។ ប្រទេសនេះកំពុងប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមអ៊ីរ៉ង់ ជាមួយនឹងកង្វះខាតហ្គាស LPG និងការកើនឡើងនៃតម្លៃដែលប៉ះពាល់ដល់ផ្ទះសម្បែង និងអាជីវកម្ម៕
ប្រែសម្រួលៈ ណៃ តុលា
