ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ក្រសួងការងារត្រៀម​លក្ខណៈគ្រ​ប់​គ្រាន់ ដើម្បីជួយពលករខ្មែរនៅថៃ ក្នុងករណី​មាន​ការ​បញ្ជូនមកកម្ពុជាវិញ “មានទាំងការងារ និង​អត្ថ​ប្រ​យោជន៍ផ្សេងៗ”

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​​វិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​ត្រៀម​លក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់ប​ងប្អូន​ពលករខ្មែរ​ដែលផុត​សុពល​ភាព​បណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាស​ការងារនៅ​កម្ពុជា​មានរាប់ម៉ឺនកន្លែង​សម្រាប់ត្រៀមផ្ដល់​ជូនបងប្អូន​ពលករ​ខ្មែរដែលត្រឡប់មកស្រុកវិញ។

លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះ​បណ្ដា​ល​វិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួន​ជានិច្ចក្នុង​ការរង់​ចាំទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែល​ឱកាស​ការងាររាប់ម៉ឺនកន្លែង កំពុងរង់​ចាំបងប្អូន​ពលករ​មកពី​ប្រទេសថៃ។

លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែល​កំពុងធ្វើ​ការងារនៅក្នុងប្រទេសកម្ពុជា មានឱកាស​ទទួលបាន​ប្រាក់​ខែ​ខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែម​ទាំងមានសេវាថែទាំសុខភាព តាមរយៈ​បេឡា​ជាតិសន្ដិ​សុខស​ង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និង​មានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមាន​សេ​វាទាំងអស់នេះសម្រាប់ជួយគាំពារដល់ពលករខ្មែរដែលមិន​មាន​ឯកសារគ្រប់គ្រាន់នោះទេ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពបងប្អូនពលករយើងដែលផុតសុពលភាពត្រឹមថ្ងៃនេះ ហើយខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែងដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ»។

ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បីចៀសវាងការប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មានឯកសារស្របច្បាប់ក៏ដោយ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់៕

To Top