ទាហានឆ័ត្រយោង អាមេរិករាប់ពាន់នាក់ បានមកដល់មជ្ឈិមបូព៌ាហើយ ខណៈដែលការបង្កើនវត្តមាន កងទ័ពកាន់តែខ្លាំងឡើង
បរទេស៖ ទាហានរាប់ពាន់នាក់ មកពីកងពលទ័ពអាកាសលេខ ៨២ ដ៏ឆ្នើមរបស់កងទ័ពសហរដ្ឋអាមេរិកបានចាប់ផ្តើមមកដល់ តំបន់មជ្ឈិមបូព៌ាហើយ នេះបើយោងតាមមន្ត្រី អាមេរិកពីររូប បានប្រាប់សារព័ត៌មាន រ៉យទ័រ ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីជំហាន បន្ទាប់របស់លោក នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន The Times Of Israel ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រ៉យទ័របានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី ១៨ ខែមីនាថា រដ្ឋបាលរបស់លោក ត្រាំ កំពុងពិចារណា ដាក់ពង្រាយកងទ័ពអាមេរិកបន្ថែមរាប់ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា ដែលជាចលនាមួយដែលនឹងពង្រីក ជម្រើសដើម្បីរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងនៅក្នុងទឹកដីអ៊ីរ៉ង់។

កងទ័ពឆ័ត្រយោង ដែលមានមូលដ្ឋាន នៅ Fort Bragg រដ្ឋ North Carolina បានបន្ថែមទៅលើកម្លាំងទាហានជើងទឹក កងម៉ារីន និងកងកម្លាំងប្រតិបត្តិការ ពិសេសរាប់ពាន់នាក់បន្ថែមទៀត ដែលត្រូវបានបញ្ជូនទៅតំបន់នេះ។ កាលពីចុងសប្តាហ៍ កងម៉ារីនអាមេរិក ប្រហែល ២.៥០០ នាក់បានមកដល់មជ្ឈិមបូព៌ាហើយ ។
មន្ត្រីទាំងនោះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មិនបាននិយាយជាក់លាក់ថា ទាហានកំពុងដាក់ពង្រាយនៅទីណានោះទេ ប៉ុន្តែចលនានេះត្រូវបានគេរំពឹងទុក។
ប្រភពមួយបាននិយាយថា មិនទាន់មានការសម្រេចចិត្តណាមួយត្រូវ បានធ្វើឡើងដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ ប៉ុន្តែពួកគេនឹងកសាងសមត្ថភាព សម្រាប់ប្រតិបត្តិការនាពេលអនាគតនៅក្នុងតំបន់។
ទាហានទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើននៅក្នុងសង្គ្រាមអ៊ីរ៉ង់ រួមទាំងការប៉ុនប៉ងដណ្តើមយកកោះ ខាក ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង 90% របស់អ៊ីរ៉ង់ផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
