សម្ដេចធិបតី ៖ អ្នកអត់ដីពិតប្រាកដ កុំជឿតាមការញុះញង់ របស់ជនខិលខូច ទៅទន្ទ្រានដីព្រៃ រដ្ឋ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវ ឱ្យអ្នកដែលអត់ដីពិតប្រាកដ កុំជឿតាមការញុះញង់ របស់ជនខិលខូច ឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ។

ការអំពាវនានេះ របស់សម្តេចនាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអ្នកដែលអត់ដីពិតប្រាកដ កុំជឿតាមការញុះញង់របស់ជនខិលខូចឱ្យទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ បើអត់ដីពិតប្រាកដ ត្រូវទៅដាក់ពាក្យស្នើសុំតាមអាជ្ញាធរមូលដ្ឋាន ហើយរាជរដ្ឋាភិបាលចាំជួយជានិច្ច ។ ដោយក្នុងនោះរាជរដ្ឋាភិបាល បានផ្ដល់ដី និងផ្ទះជូនប្រជាពលរដ្ឋជាច្រើនមកហើយ តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ និងកម្មវិធីផ្ដល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ជាដើម ៕


