តម្លៃប្រេងកើនឡើង ជាង ៤% បន្ទាប់ពីលោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាជាតិលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់
បរទេស៖ ប្រេងបានកើនឡើងជាង ៤% ហើយភាគហ៊ុនអាស៊ីបានធ្លាក់ចុះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាជាតិលើកដំបូង របស់លោកចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើម ដោយលោកថា សហរដ្ឋអាមេរិកនឹងបន្តវាយ ប្រហារអ៊ីរ៉ង់ឱ្យកាន់តែខ្លាំង។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ ក៏បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅយប់ថ្ងៃពុធថា សហរដ្ឋអាមេរិកនឹង «បញ្ចប់ការងារ» នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ខណៈដែល «គោលបំណងយុទ្ធសាស្ត្រស្នូលជិតដល់ទីបញ្ចប់ហើយ» ហើយប្រតិបត្តិការយោធាអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោកថា «យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ។ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ជាកន្លែងដែលពួកគេជាកម្មសិទ្ធិ»។
លោក ដូណាល់ ត្រាំ មិនបានលើកឡើងពីថ្ងៃផុតកំណត់ដែលលោកបានកំណត់សម្រាប់អ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នសកលនោះទេ បន្ទាប់ពីលោកបានគំរាមអ៊ីរ៉ង់ ពីមុនជាមួយនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិកលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្រ ហ័រមូស មិនត្រូវបានបើកឡើងវិញទេនោះ។
លោក ដូណាល់ ត្រាំ ក៏មិនបានផ្តល់វិធីដែលច្បាស់លាស់ ដើម្បីបញ្ចប់ការរំខានដល់ការផ្គត់ផ្គង់ដែលបានធ្វើឱ្យតម្លៃថាមពលកើនឡើងនោះដែរ៕
ប្រែសម្រួលៈ ណៃ តុលា
